ប្រធានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ខេត្តតាកែវបានអះអាងថា កសិករដែលជាសមាជិកសហគមន៍កំពុងមានផ្លូវអារម្មណ៍ល្អ និងមានភាពកក់ក្តៅទៅលើការប្រកបមុខរបរដាំបន្លែរបស់ខ្លួន បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
![](https://www.oknha.news/wp-content/uploads/2025/02/474440873_661825299505913_7794000995783429416_n.jpg)
លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ មានប្រសាសន៍ថាបច្ចុប្បន្ននេះកសិករបាននិងកំពុងប្រកបមុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ដែលជាសមាជិសហគមន៍ ពួកគាត់កំពុងមានផ្លូវអារម្មណ៍ល្អ និងមានភាពកក់ក្តៅទៅលើមុខរបររបស់ខ្លួន នៅពេលដែលរាជរដ្ឋាភិបាលមានចំណាត់ការល្អ និងមានការគិតគូរយ៉ាងច្បាស់លាស់ទៅលើកសិករដែលជាអ្នកផលិត ធ្វើឱ្យពួកគាត់មានការសប្បាយចិត្តដែលជួយឱ្យកសិករមានការរីកចម្រើន។
គួរជម្រាបជូនផងដែរថា កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៥កន្លងមកនេះសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ បានចុះកិច្ចសន្យាផលិតកម្មជាមួយក្រុមហ៊ុន Tropicam Fruit and Vegetables ហើយនៅក្នុងកិច្ចសន្យានេះ សហគមន៍ផ្គត់ផ្គង់បន្លែចម្រុះដល់ក្រុមហ៊ុនបានតម្លៃថេរ ២០០០រៀលក្នុងមួយគីឡូក្រាម។
ពាក់ព័ន្ធនិងកិច្ចសន្យាផលិតកម្មខាងលើ, លោក អ៊ុន អឿន បានឱ្យដឹងថា ការធ្វើចុះកិច្ចសន្យាជាមួយនិងក្រុម Tropicam Fruit and Vegetables ធ្វើឡើងចំនួន៣ដងនៅក្នុងមួយឆ្នាំ ដោយក្នុងមួយដងមានរយៈពេល៣ខែ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា ទីបំផុតសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ចុះកិច្ចសន្យាផលិតកម្មបន្លែជាផ្លូវការជាមួយក្រុមហ៊ុន Tropicam Fruit and Vegetables បន្ទាប់ពីបានសហការគ្នាអស់មួយរយៈកាលរួចមក។
លោកបន្តថា “សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នឹងលក់បន្លែចម្រុះជូនក្រុមហ៊ុនក្នុងតម្លៃថេរ ២០០០រៀលក្នុងមួយគីឡូ ទោះបីជាថ្លៃស្ពៃនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្នត្រឹមតែ ៥០០រៀលក្នុងមួយគីឡូក៏ដោយ។ ការគាំពារពីហានិភ័យទីផ្សារគឺអត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃសហគមន៍កសិកម្មទំនើប ដែលកសិករសមាជិកទទួលបាន ក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស”៕ SL
![](https://www.oknha.news/wp-content/uploads/2025/02/476299829_671639388524504_8256630205916032293_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/476285807_670984105256699_8624691221956927700_n-1024x576.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/473741109_661843452837431_6030245095599526226_n-768x1024.jpg)