សន្ទុះកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ដើមខែដំបូងឆ្នាំ២០២៥ កើនឡើងជាង៤៨%

សង្គម​ និង​សេដ្ឋកិច្ច

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែមករា និងអនុវត្តសម្រាប់១ខែដើមឆ្នាំ២០២៥(ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១១ ខែកុម្ភៈថាបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញសម្រាប់ខែមករា ឆ្នាំ២០២៥ មានចំនួន ៤៤ ៣៧៩TEUs កើនចំនួន ៤៨,៣៩% ធៀបនឹងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែកឯបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ សម្រាប់ខែមករា មាន៤៥៦ ៤១៩តោន កើនឡើង៥៦,៧៣% រីឯបរិមាណនាវាសរុបមានចំនួន ៣០៨គ្រឿង កើនឡើង៣៣,៣៣% និងបរិមាណនាវាដឹកអ្នកដំណើរចូលផែមានចំនួន៤៣ ថយចុះ១៤% ខណៈចំនួនអ្នកដំណើរឆ្លងកាត់សរុប ៤ ៤៥៣នាក់ កើនឡើង ៤,៨៥% បើធៀបនឹងខែមករា ឆ្នាំ២០២៤។

សូមជម្រាបជូនថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ ដោយចំណូលពីប្រតិបត្តិការផែមានជាង៣៤លានដុល្លារ កើនជាង២១% ធៀបនឹងឆ្នាំ២០២៣, ចំណែកចំណូលពីអាជ្ញាធរផែ មានជាង ៥ លានដុល្លារ កើនជាង២១% រីឯចំណូលពីសេវាកម្មផ្សេងៗមានជាង១ លានដុល្លារ កើន២%៕