សម្តេចតេជោ៖ វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ខណៈកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដែលមានដូចជា គ្រាប់ស្វាយចន្ទី និងស្រូវ ខណៈកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។សម្តេចតេជោលើកឡើងបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ង្វៀន មីញវូ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។

លោកក៏បានជម្រាបអំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា ដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។

លោកក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀតផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលលោកឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។

សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។

សូមជម្រាបជូនថា បើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​ ៨៥ម៉ឺនតោន ​កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ កម្ពុជាបានចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន​ ១​ ១៥០លានដុល្លារ កើនឡើង២៦.១៥% ក្នុងនោះនាំចេញទៅវៀតណាម មានចំនួនជាង៧៩ម៉ឺនតោន។

ចំណែកឯស្រូវវិញ ក្នុងឆ្នាំ២០២៤ កម្ពុជា បាននាំចេញស្រូវរហូតដល់ ៥,១៨លានតោន ទៅក្រៅប្រទេសកើនឡើង ១៨,២% បើធៀបនឹងឆ្នាំមុន។ក្នុងនោះ ស្រូវភាគច្រើនគឺបាននាំចេញទៅកាន់ប្រទេសវៀតណាម។នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា៕