ការ​លក់​រថយន្តនៅ​ចិន​ ធ្លាក់​ចុះ​ខ្លាំង​បំផុតមិនធ្លាប់មាន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ នៅខែ​មករា

អន្តរជាតិ

ការលក់រថយន្តនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះដល់ទៅ ១២% នៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ខណ:នេះជាធ្លាក់ចុះលើកដំបូង គិតចាប់តាំងពីខែកញ្ញាមក និងជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងប្រឈមមុខទៅនឹងប្រកួតប្រជែងកាន់ខ្លាំង នៅក្នុងទីផ្សារប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លក់​រថយន្ត​ដឹក​អ្នក​ដំណើរ​មាន​និន្នាការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ត្រឹមតែពីរ​ខែ​ដំបូង ដោយ​សារ​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​សម្រាប់​ការប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មករា​ឆ្នាំ​នេះ ​ខណ:កាលពីឆ្នាំមុន ត្រូវបានរៀបចំធ្វើឡើងនៅអំឡុងខែ​ខែ​កុម្ភៈ​។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យទទួលបានពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិន បានលក់រថយន្តសរុបក្នុងចំនួន ១,៨១ លានគ្រឿង នៅក្នុងខែមករា ពោលគឺបានធ្លាក់ចុះដល់ទៅ១២% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រភពដដែលនេះ បាននិយាយទៀតថា គិតត្រឹមខែដំបូងឆ្នាំ២០២៥ នេះ ការលក់រថយន្ត អគ្គិសនី និងប្រភេទកូនកាត់ Hybrid ត្រូវបានគេព្យាករថាមានចំនួន ៥៧% នៃការលក់រថយន្តសរុប ពោលគឺបានកើនឡើងពី ៤៧% កាលពីឆ្នាំមុន។

គួរឲ្យដឹងផដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD កាលពីថ្ងៃចន្ទ បានទម្លាក់តម្លៃរថយន្តរបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងយ៉ាងខ្លាំង នៅក្នុងទីផ្សាររថយន្តក្នុងស្រុក ។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនយក្សអាមេរិក Tesla បានបង្កើនការបញ្ចុះតម្លៃ និងការលើកទឹកចិត្តផ្នែកហិរញ្ញប្បទាន នៅក្នុងប្រទេសចិនផងដែរ ចំពេលក្រុមហ៊ុនគូប្រជែង Xpeng និង Nio ក៏បានធ្វើតាមដូចគ្នា ជាមួយនឹងការផ្តល់ហិរញ្ញប្បទានដោយគ្មានការប្រាក់ រហូតដល់ប្រាំឆ្នាំ សម្រាប់ម៉ូដែលរបស់ខ្លួនមួយចំនួន។

ជម្រាបជូនផងដែរថា ចំពោះការនាំចេញរថយន្តចេញរបស់ចិនវិញ ហាក់មើលឃើញពីកំណើនខ្សោយនៅដើមឆ្នាំនេះ ពោលគឺបានកើនឡើងត្រឹមតែ ៣% ប៉ុណ្ណោះ​ក្នុងចំនួន ៣៨០ ០០០ គ្រឿងនៅខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានថយចុះពី ៦% នៅក្នុងខែធ្នូ។ នេះបើតាមទិន្នន័យចេញផ្សាយដោយ CPCA ៕