ការនាំចេញធ្យូងថ្មរបស់អាមេរិក ទៅឥណ្ឌា ទំនងកើនឡើងខ្លាំង ដោយសារផែនការពន្ធគយរបស់ចិន

អន្តរជាតិ

សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងជំរុញការនាំចេញធ្យូងថ្មរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌាកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសចិន បានប្រកាសដាក់ពន្ធគយលើការនាំចូលប្រភពថាមពលពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងយកពន្ធចំនួន ១៥% លើការនាំចូលធ្យូងថ្មរបស់សហរដ្ឋអាមេរិក។ ជុំវិញផែនការនេះ ត្រូវបានក្រុមមន្ត្រីជាច្រើន និយាយថា វានឹងអាចជំរុញឲ្យអ្នកក្រុមហ៊ុនរុករករ៉ែរបស់សហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលដៅរបស់ខ្លួន ដោយធ្វើការដឹកជញ្ជូនមកកាន់ប្រទេសឥណ្ឌាជំនួសវិញ ខណ:ប្រទេសនេះ ត្រូវបានចាត់ទុកថាជាអ្នកនាំចូលធ្យូងថ្មធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន។

លោក Vasudev Pamnani នាយកក្រុមហ៊ុន I-Energy Natural Resources របស់ប្រទេសឥណ្ឌា បាននិយាយថា នាវាដឹកធ្យូងថ្មរបស់សហរដ្ឋអាមេរិកចំនួន ៣ គ្រឿងដែលសន្មត់ថាត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិន បែរជាបានប្តូរទិសដៅមកចុះចតនៅប្រទេសឥណ្ឌាជំនួសវិញ ហើយនាវាដឹកធ្យូងថ្មប្រហែល ១០ ទៀតកំពុងផ្លាស់ប្តូរគោលដៅរបស់ពួកគេ ផងដែរ។

ទន្ទឹមនឹងនេះ លោក Malcolm Roberts ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនរុករករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក Peabody Energy បាននិយាយនៅក្នុងសន្និសិទជាមួយអ្នកវិភាគកាលពីសប្តាហ៍មុនថា ធ្យូងថ្មរបស់សហរដ្ឋអាមេរិកកាន់តែច្រើនអាចនឹងត្រូវដឹកទៅកាន់ប្រទេសឥណ្ឌា ស្របពេលធ្យូងថ្មអូស្ត្រាលីជាច្រើន អាចដឹកទៅកាន់ប្រទេសចិន ដោយសារតែផែនការពន្ធគយថ្មីរបស់រដ្ឋភិបាលទីក្រុងប៉េកាំង។

ជម្រាបជូនថា យោងតាមទិន្នន័យគយរបស់ចិន បានបង្ហាញឲ្យថា សហរដ្ឋអាមេរិកមានចំណែកទីផ្សារ ៩% នៃទីផ្សារធ្យូងថ្មសរុបនៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ ខណៈពេលដែលអូស្ត្រាលីមាន ៨% នៃការនាំចូលធ្យូងថ្មទាំងអស់៕