ស្ងាត់ៗ មេធំក្រុមហ៊ុនស្មាតហ្វូន Xiaomi ឡើងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេសចិន

អន្តរជាតិ

លោក Lei Jun ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ឥឡូវនេះ បានហក់ឡើងមកគ្រងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣៥,៣ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក Lei ដែលបានបង្កើតក្រុមហ៊ុន Xiaomi ដំបូងក្នុងឆ្នាំ២០១០ ជាមួយដៃគូជាច្រើន បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ហក់ឡើងយ៉ាងខ្លាំងពោលគឺដល់ទៅបីដង ពីចំនួន ១០,៩ពាន់លានដុល្លារ គិតនៅក្នុងខែមេសា ឆ្នាំ២០២៤​ កន្លងទៅ។ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ជុំវិញការកើនឡើងទ្រព្យដ៏ច្រើនរបស់លោក Lei នេះ ត្រូវបានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កើនឡើងដល់ទៅ ២៥០% ក្នុងរយ:ពេលត្រឹម ១២ខែចុងក្រោយ។

ទន្ទឹមនឹងនេះ ការទទួលបានភាពជឿជាក់ពីសំណាក់វិនិយោគិនទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងផ្នែកផលិតរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ Xiaomi ក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំមួយដែលបានជំរុញឲ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន និងទ្រព្យសម្បត្តិរបស់លោក Lei ផងដែរ។

ជម្រាបជូនផងដែរថា តំណែងជាអ្នកមានបំផុតដាច់គេនៅក្នុងប្រទេសចិន គឺធ្លាក់ទៅលើលោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៤,៩ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រធានក្រុមហ៊ុន Tencent Holdings លោក Ma Huateng ,សហស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming និងស្ថាបនិកក្រុមហ៊ុន PDD Holdings លោក​ Colin Huang ៕