ក្រុមហ៊ុនអន្តរជាតិ២ ចង់បណ្ដាក់ទុនវិនិយោគវិស័យស្វាយចន្ទីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Daniel Spitzer ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya បានបង្ហាញពីគោលបំណងចង់បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនប្រធានក្រុមហ៊ុនទាំងពីរ អំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

លោក ជា វុទ្ធី បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

នៅក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។យោងតាមសមាគមស្វាយចន្ទីកម្ពុជា។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្ត កំពង់ធំច្រើនជាងគេគឺជិត ១៥ ម៉ឺនហិកតា៕