ក្រុមហ៊ុន ប៉េងហួត គ្រុប ប្រកាសបរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ប៉េងហួត គ្រុប ដែលមាន អ្នកឧកញ៉ា ថៃ ជាហួត អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាអគ្គនាយកក្រុមហ៊ុន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានា សូមចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់ សំណង់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ និងអគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គឺមិនបានប្រើថវិកាជាតិនោះទេ ពោលគឺប្រើប្រាស់ថវិកាឧបត្ថម្ភពី សម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថវិកាជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។

តបតាមការអំពាវនាវនេះហើយ ទើបក្រុមហ៊ុន ប៉េងហួត គ្រុប បានចូលរួមបរិច្ចាគថវិកាក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល៕