ភ្នំពេញ៖ ក្រុមការងារក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីននារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកម្មវិធីនេះ។
![](https://www.oknha.news/wp-content/uploads/2025/02/image-421-1024x768.png)
វេទិកានេះប្រមូលផ្តុំទៅដោយអ្នកនាំចេញ-នាំចូលសំខាន់ៗក្នុងវិស័យស្រូវអង្ករនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងរកឱកាសនៃការជំរុញពាណិជ្ជកម្មក្នុងវិស័យស្រូវអង្ករនេះ។ វេទិកាក៏មានកិច្ចពិភាក្សាស្ដីពីការពង្រីកសក្តានុពល និងជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ព្រមទាំងលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម ការធានាគុណភាព និងប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ផងដែរ។
ជាលទ្ធផល កម្មវិធីផ្គូផ្គងនេះ បានផ្គូផ្គងពាណិជ្ជកម្មតាមរយៈយន្តការ B2B ដោយជំរុញទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកទទួលទិញហ្វីលីពីន ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងបង្កើនលទ្ធភាពក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ សហរដ្ឋអាមេរិក ចិនរួមទាំងហុងកុងនិងម៉ាកាវ ប្រទេសក្នុងអាស៊ាននិងទៅកាន់គោលដៅ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ ៕
![](https://www.oknha.news/wp-content/uploads/2025/02/image-422-1024x576.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-423-1024x768.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-424-1024x768.png)