ក្រុមហ៊ុន Samsung ប្រកាសវិនិយោគបន្ថែមទៅលើ AI និងបន្ទះឈីប នៅក្នុងប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Samsung Vietnam កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ទៅក្នុងវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ឧស្សាហកម្មបន្ទះឈីប Semiconductor និងការបំប្លែងឌីជីថល នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម លោក Choi Joo Ho កាលពីរសៀលថ្ងៃទី១២ ខែកុម្ភ:កន្លងទៅ ដោយក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងបានបេ្តជ្ញាចិត្តបន្តពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម។

គួរឲ្យដឹងថា Samsung គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣,២ពាន់លានដុល្លារអាមេរិក ជាមួយនឹងចំណូល កើនឡើងដល់ចំនួន ៦២,៥ពាន់លានដុល្លារ និងតម្លៃនាំចេញ កើនដល់ ៥៤,៤ពាន់លានដុល្លារ នៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមនឹងបន្តរួមដំណើរជាមួយនិងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមវិនិយោគបរទេស ក្នុងអាជីវកម្មប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងជោគជ័យ នៅវៀតណាម។

លោក Pham បាននិយាយទៀតថា Samsung ចាំបាច់ត្រូវបន្តរក្សាជំហរឈានមុខគេ ដើម្បីក្លាយជាអ្នកវិនិយោគយុទ្ធសាស្ត្រ អភិវឌ្ឍឧស្សាហកម្មគាំទ្រ បន្ទះឈីបសៀគ្វី គ្រឿងអេឡិចត្រូនិក ជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការបង្កើតថ្មី និងការផ្លាស់ប្តូរឌីជីថល នៅក្នុងប្រទេសវៀតណាម។

លើស​ពី​នេះ​ទៀត ​រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹក​នាំ​របស់ក្រុមហ៊ុន Samsung វៀតណាម ចូលរួមផ្តល់ឱកាសឲ្យកាន់តែច្រើន​បន្ថែមទៀតសម្រាប់​ប្រជាជន​វៀតណាម ក៏ដូចជាលើកកម្ពស់សមត្ថភាពរបស់សហគ្រាសក្នុងស្រុក ដើម្បីឲ្យពួកគេអាចចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុននេះ៕