ហាងមាសនៅថៃ ជិត ១០កន្លែងត្រូវបង្ខំចិត្តបិទទ្វារ ក្រោយអ្នកស្រុកសម្រុកទៅលក់មាសចេញច្រើនពេក

អន្តរជាតិ

អ្នកស្រុកនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ បាននាំគ្នាសម្រុកទៅលក់មាសរបស់ខ្លួនចេញយ៉ាងច្រើនកកកុញ បន្ទាប់ពីតម្លៃរបស់មាស បានកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក សុតថេប ណាក់តាកានកាណុក (Suthep Nattakarnkanok) ទីប្រឹក្សាសមាគមពាណិជ្ជករមាសប្រចាំនៅខេត្ត Nakhon Ratchasima បាននិយាយថា អតិថិជនជាច្រើនបានមកលក់មាសនៅក្នុងហាងមាសរបស់លោក បន្ទាប់ពីតម្លៃរបស់វាបានកើនឡើងខ្លាំង ដោយរំពឹងថាពួកគេនឹងទទួលបានផលចំណេញទៅវិញច្រើន។

លោក​បាន​កត់​សម្គាល់​ទៀតថា ហាង​មាស​ពី ៦ ទៅ ៧ កន្លែង​ក្នុង​ខេត្ត​ Nakhon Ratchasima ត្រូវ​បាន​បង្ខំចិត្តបិទទា្វរ ​ដោយ​សារ​តម្លៃ​មាស​ឡើង​ថ្លៃ​ខ្លាំងពេក ដោយហេតុថាម្ចាស់ហាងទាំងនោះ មានភាព​លំបាក​ក្នុង​ការស្វែង​រក​ប្រាក់​ចំណេញ។ លោក​បាន​បន្ថែមទៀត​ថា យ៉ាង​ហោច​ណាស់​ហាង​មាស​ចំនួន ១០ បន្ថែមទៀតអាចនឹង​ត្រូវ​បិទ ប្រសិន​បើ​តម្លៃ​មាស​បន្តឡើង​ថ្លៃថែម​ទៀតនោះ។

ទោះជាយ៉ាងណាក៏ដោយ លោក Suthep បានចង្អុលបង្ហាញថា ការកើនឡើងនៃតម្លៃមាសនេះក៏បណ្តាលឲ្យមានការធ្លាក់ចុះនៃការទិញមាសត្រលប់ទៅវិញផងដែរ ដោយសារតែមនុស្សធម្មតាមិនអាចមានលទ្ធភាពទិញយកលោហ:ដ៏មានតម្លៃនេះបាន។ លោក​បាន​បន្ត​ថា ពួកគេ​ក៏​ភ័យ​ខ្លាច​ក្នុង​ការ​ទិញ​គ្រឿង​លម្អ​មាសផង​ដែរ ដោយសារ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។

ជម្រាបជូនផងដែរថា តម្លៃទិញដុំមាស បានកើនឡើងដល់ជិត ៤៧ ០០០បាត (១៣៩៦ដុល្លារ) និងមាសសម្រាប់គ្រឿងតុបតែងលម្អបានឡើងដល់ ៤៦ ១០១បាត (១៣៦៩ដុល្លារ) ចំពេលមានការគំរាមកំហែងពន្ធថ្មីរបស់សហរដ្ឋអាមេរិក បានពង្រីកសង្គ្រាមពាណិជ្ជកម្ម និងការព្រួយបារម្ភអំពីអតិផរណាកាន់តែខ្លាំង៕