ក្រសួងសាធារណការ ស្នើក្រុមហ៊ុនយក្សរបស់ចិន មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន មន្រ្តីជាន់ខ្ពស់នៃក្រសួង បានលើកទឹកចិត្តដល់ក្រុមហ៊ុន CSCEC ដែលក្រុមវិនិយោគយក្សរបស់ចិន មកវិនិយោគភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដឹកនាំដំណើរទស្សនកិច្ចកាលពីដើមសប្តាហ៍ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺដើម្បីជួបប្រជុំសម្តែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD និងចុះទស្សនកិច្ចនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់ក្រុមហ៊ុនផ្ទាល់។ ជាងនេះទៀត គោលបំណងនៃទស្សនកិច្ចនេះ ក៏ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុន CSCEC ដែលជាក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំនៃប្រទេសចិនផងដែរ។

ទន្ទឹមគ្នានេះ លោក ក៏បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនដែលបានអញ្ជើញប្រតិភូក្រសួង ដើម្បីជួបពិភាក្សា និងនាំប្រតិភូក្រសួងចុះសិក្សាស្វែងយល់ផ្ទាល់នៅការដ្ឋានសាងសង់ និងទីតាំងគម្រោងមួយចំនួនរបស់ក្រុមហ៊ុន។

ឆ្លៀតក្នុងឱកាសនេះ ប្រធានប្រតិភូកម្ពុជា ក៏បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងជាពិសេសរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ។

ក្នុងនោះន័យនេះ លោកក៏បានស្នើឱ្យក្រុមហ៊ុន CSCEC Strait សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន CSCEC ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម៕ អត្ថបទ៖ ហ្សាលីន