វេទិកា ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដែលធ្វើឡើងកាលពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កម្ពុជា បានរំលេចពីភាពលេចធ្លោរបស់កម្ពុជា ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវ។

វេទិកានេះ មានគោលបំណងពិភាក្សាអំពីការពង្រឹងការបញ្ជាទិញ និងការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ និងការការពារបរិស្ថានប្រកបដោយចីរភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស, គោលការណ៍ណែនាំរបស់អង្គការ OECD ស្តីពីការពិនិត្យអនុលោមភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ព្រមទាំងច្បាប់ស្តីពីការពិនិត្យអនុលោមភាពនៃអាជីវកម្មប្រកបដោយនិរន្តភាពនៃសហភាពអឺរ៉ុប។
លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO BFC) ដែលត្រូវបានយកធ្វើជាគំរូនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត, ការគោរពនិងលើកកម្ពស់សិទ្ធិរបស់អង្គការវិជ្ជាជីវៈកម្មករនិយោជិត និងនិយោជក, ការពង្រឹង និងពង្រីកការគាំពារសង្គមដល់កម្មករនិយោជិត និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម, ការបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់, ការការពារសុខភាព សុវត្ថិភាពការងារ, ការប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”, ការដាក់ឱ្យអនុវត្តយន្តការធ្វើបណ្តឹងអនាមិក និងជាពិសេសការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលមានគោលបំណងដូចគ្នានឹងច្បាប់ CSDDD របស់សហភាពអឺរុប ជាដើម។
សូមបញ្ជាក់ផងដែរថា បណ្តាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗមួយចំនួន ដូចជា PVH, H&M, ASOS, Primark, Tchibo បានបង្ហាញការពេញចិត្តក្នុងការដាក់ការបញ្ជាទិញនៅកម្ពុជា និងសន្យាថានឹងបង្កើនការបញ្ជាទិញបន្ថែមទៀតតាមរយៈការចុះកិច្ចព្រមព្រៀងមួយដែលធានាពីការបង្កើនការបញ្ជាទិញពីកម្ពុជា ដោយសារកម្ពុជាមានការគោរពលក្ខខណ្ឌការងារ៕

