ខេត្តប៉ៃលិន ត្រៀមទីតាំងផ្សារសហគមន៍ចុងសប្តាហ៌ ដើម្បីលើកស្ទួយផលិផលរបស់កសិករ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថ្មី ថ្លែងក្នុងពេលអញ្ជើញពិនិត្យមើលការ លក់ ដូររបស់អាជីវករនៅសួនកុមារ និងត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍ថា ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការបង្កើតផ្សារសហគមន៍ចុងសប្តាហ៌ គឺជាការ ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលខេត្តថ្មីរូបនេះ បញ្ជាក់ថា៖ ការរៀបចំផ្សារសហគមន៍ចុងសប្តាហ៌នេះគឺជាជំហានដំបូងប៉ុណ្ណោះ ដូច្នេះមន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវខិតខំ ជួយសម្របសម្រួលដល់កសិករអ្នកផលិតក្នុងខេត្តយកផលិតផលរបស់ខ្លួនឱ្យបានច្រើនមុខ មកដាក់តាំងលក់ នាពេលខាងមុខ ដើម្បី បំពេញតម្រូវការរបស់អតិថិជន និងធ្វើឱ្យទីផ្សារ នេះកាន់តែរីកធំឡើង។

លោកស្រី បាន ស្រីមុំ បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ សូមចូលរួមគាំទ្រ ដល់គម្រោងផ្សារសហគមន៍ចុងសប្ដាហ៍ ដើម្បីលើកស្ទួយកម្រិតជីវភាព ក៏ដូចជាលើកស្ទួយផលិតផល របស់ប្រជាកសិករក្នុងខេត្តផងដែរ។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា៖ ផ្សារសហគមន៍ចុងសប្តាហ៍ ដែលគ្រោងដំណើរការនាពេលខាងមុខ គឺមានរយៈពេល ២ថ្ងៃ ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់ ដោយមានការគាំទ្រពីគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ហើយមានមុខទំនិញដូចជា៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរ ក្នុងខេត្តប៉ៃលិនយើង៕