លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានជួបជាមួយនឹងជួបពាណិជ្ជករចិន មកពីខេត្ត ហ្វូជាន ដែលល្បីខាងរោងចក្រចិនកែច្នៃគ្រាប់ចន្ទី និងមានគម្រោងពង្រីករោងចក្រកែច្នៃចន្ទីមួយទៀតនៅកម្ពុជា ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

លោក អួន ស៊ីឡុត បានឱ្យដឹងថា ពាណិជ្ជករចិន មកពីខេត្ត ហ្វូជាន ល្បីរោងចក្រចិនកែច្នៃគ្រាប់ចន្ទីនៅតំបន់សេដ្ឋកិច្ចពិសេសយូរហើយ ប៉ុន្តែគ្មានទំនាក់ទំនងសោះ ឥឡូវបានជួបគ្នានៅការិយាល័យកណ្តាលសមាគមស្វាយចន្ទីកម្ពុជា កាលពី១៥ កុម្ភៈ ២០២៥ ខណៈពួកគាត់មានគម្រោងពង្រីករោងចក្រកែច្នៃចន្ទីមួយទៀតនៅខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានសន្យាជួយតាមលទ្ធភាពដែលខ្លួនមាន ដើម្បីសម្របសម្រួលពួកគាត់ឲ្យបានទិញគ្រាប់ចន្ទីមានគុណភាព ពីសមាជិករបស់ខ្លួន។
បើតាមប្រធានសមាគមស្វាយចន្ទី ធ្លាប់បានគូសបញ្ជាក់ថា មកដល់ពេលនេះមានរោងចក្រកែច្នៃស្វាយចន្ទីធុនមធ្យមចំនួន៦ កំពុងដំណើរការ និងកំពុងសាងសង់ចំនួន២ទៀត ខណៈកម្ពុជាត្រូវការរោងចក្រធុនមធ្យមនេះចំនួន៣៥ទៀត ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរយៈពេល៥ឆ្នាំ ២០២២-២០២៧។

លោកបន្តថា កាលណាមានរោងចក្រមធ្យមចំនួន៣៥ ទៀត យើងអាចអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧ បាន ដែលអាចផ្តល់តម្លៃបន្ថែមដល់កសិករ អាចបង្កើតការងារក្នុងសហគមន៍បានយ៉ាងច្រើន និយាយរួមបើស្វាយចន្ទីអាចកែច្នៃក្នុងស្រុកឱ្យបាន៨០% នៃផលិតផលសរុបរបស់កម្ពុជា យើងចំណេញ១២០%។
សូមជម្រាបជូនថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន កើនឡើង ២៦,៨ភាគរយ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅជាង ៨១ ម៉ឺនតោន កើនឡើង២១% និងទទួលបានចំណូល ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា ក្រចេះ ជាង ១០ ម៉ឺនហិកតា រតនគិរីជាង៩ម៉ឺនហិកតា កំពង់ចាមជាង៤ម៉ឺនហិកា ស្ទឹងត្រែងជាង ៤ម៉ឺនហិកតា ត្បូងឃ្មុំជាង៣ម៉ឺនហិកតា សៀមរាបជាង៣ម៉ឺនហិកតា ព្រះវិហារជាង ២ម៉ឺនហិកតា ឧត្តរមានជ័យជាង១ម៉ឺនហិកតា និងមណ្ឌលគិរី ជាង៩ពាន់ហិកតា៕
