រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសរបស់លោក នឹងកំដរលេងដល់ទីបញ្ចប់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធ ជុំវិញការប្រកាសចេញវិធានការពន្ធគយថ្មីលើទំនិញរបស់ខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ដោយថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី១៤ ខែកុម្ភ: ប្រមុខការទូតចិនរូបនេះបានលើកឡើងថា ៖”យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដាក់សម្ពាធមកលើយើង យើងនឹងតស៊ូរហូតដល់ទីបញ្ចប់”។
ទន្តឹមនឹងនេះ លោក Wang Yi ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិន នៅតែមានឆន្ទៈក្នុងការកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឲ្យគ្នា ទៅវិញទៅមក។
ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែនេះ បានសម្រេចដាក់ពន្ធបន្ថែម ១០% លើទំនិញរបស់ចិន។ ស្របពេល ប្រទេសចិន ក៏បានឆ្លើយតបវិញផងដែរ ជាមួយនឹងការពិចារណាដំឡើងពន្ធ ១៥% លើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយវិធានការទាំងនេះ ហាក់កំពុងតែបង្កើនការភ័យខ្លាចបន្ថែមទៀតពីសង្រ្គាមពាណិជ្ជទាំងស្រុង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកទាំងពីរ៕