អាមេរិក ស្នើសុំកាន់កាប់ ៥០% នៃធនធានរ៉ែកម្ររបស់ប្រទេសអ៊ុយក្រែន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយ បានរាយការណ៍ថា អាមេរិក កំពុងស្នើសុំឲ្យមានការផ្តល់កម្មសិទ្ធិកាន់កាប់ ៥០% នៃធនធានរ៉ែកម្ររបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរ ហាក់មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



NBC កាលពីថ្ងៃទី១៥ ខែកុម្ភៈ បាននិយាយទៀតថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យអ៊ុយក្រែន ប្រគល់កម្មសិទ្ធិកាន់កាប់ដល់ទៅ ៥០% នៃធនធានរ៉ែកម្រៗរបស់ខ្លួន។ អាមេរិក​ ក៏​ត្រៀម​ខ្លួនរួចជាស្រេចផងដែរ ដើម្បីដាក់ពង្រាយ​ទ័ព​ទៅទឹកដី​អ៊ុយក្រែន​ ដើម្បី​ការពារ​ធនធានរ៉ែកម្រទាំងនេះ ប្រសិនបើ​រដ្ឋាភិបាលទីក្រុង​គៀវ អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ជាមួយទីក្រុង​ម៉ូស្គូនោះ។

មន្ត្រីអាមេរិកពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងរ៉ែកម្ររបស់អាមេរិកដែលបានស្នើឡើងនឹងក្លាយជាមធ្យោបាយតែមួយគត់ សម្រាប់អ៊ុយក្រែន ក្នុងការសងបំណុលរាប់ពាន់លានដុល្លារ ក៏ដូចជាអាវុធ និងជំនួយផ្សេងទៀតដែលខ្លួនបានទទួលយកពីសហរដ្ឋអាមេរិក ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងដ៏កម្រមួយ ត្រូវបានស្នើជូនទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងទីក្រុងគៀវ កាលពីថ្ងៃទី១២ ខែកុម្ភៈ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Zelensky បានបដិសេធមិនព្រមចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឡើយ ដោយអះអាងថា វាត្រូវការពេលសិក្សាបន្ថែម និងការពិគ្រោះយោបល់ជាមួយភាគីផ្សេងទៀត ជាមុនសិន។

គួរឲ្យដឹងថា ធនធានរ៉ែកម្រ គឺជាសារធាតុដ៏សំខាន់ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាស្មាតហ្វូន និងអាគុយរថយន្តអគ្គិសនីជាដើម។ របាយការណ៍ឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានប៉ាន់ប្រមាណថាអ៊ុយក្រែនមានប្រហែល ៥% នៃទុនបម្រុងរ៉ែកម្ររបស់ពិភពលោក។

មិនតែប៉ុណ្ណោះការស្ទាបស្ទង់ភូមិសាស្ត្រនៃប្រទេសអ៊ុយក្រែន បានបង្ហាញឲ្យដឹងទៀតផងដែរថា ប្រទេសរបស់ខ្លួនក៏មានធនធានសំខាន់ៗនៃសារធាតុរ៉ែកម្រៗផ្សេងទៀតដូចជា លីចូម ទីតាញ៉ូម និងហ្សីកញ៉ូម ដែលសុទ្ធសឹងតែជារ៉ែដ៏សំខាន់ដែលអាមេរិកត្រូវការ៕