អ្នកនាង Ashley St. Clair ដែលជាអ្នកនិពន្ធដ៏មានឥទ្ធិពលម្នាក់ កាលពីពេលថ្មីៗនេះ បានចេញមុខអះអាងថា នាងបានបង្កើតកូនទី១៣ របស់មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីប្រាំ ខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដែលដកស្រង់ដោយសារព័ត៌មាន Page Six អ្នកនាង St. Clair បានសរសេររៀបរាប់ថា Elon Musk គឺជាឪពុកកូនរបស់ខ្លួន។ នាងបានបន្តទៀតថា “ដំបូងឡើយខ្ញុំមិនចង់ទម្លាយឲ្យដឹងពីរឿងនេះនោះទេ ព្រោះដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់កូនខ្ញុំ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានជាច្រើនបានព្យាយាមជីកគាស់កកាយរឿងនេះមក ដោយពុំខ្វល់ខ្វាយថាវានឹងអាចបង្កឲ្យមានរឿងគ្រោះថ្នាក់អ្វី លើកូនរបស់ខ្ញុំនោះឡើយ”។
នៅក្នុងសេចក្តីប្រកាសចុងក្រោយមួយ ស្ត្រីវ័យ ២៦ឆ្នាំរូបនេះ បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយគោរពភាពឯកជនរបស់កូនរបស់នាង ដោយបង្ហាញពីបំណងប្រាថ្នារបស់នាង សម្រាប់ការចិញ្ចឹមបីបាច់កូនរបស់នាង ប្រកបដោយសុវត្ថិភាព និងបរិយាកាសធម្មតា។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ធី Elon Musk មិនបានឆ្លើយតបជាផ្លូវការ ចំពោះការលើកឡើងរបស់នាងទេ ទោះបីជាលោកបានបង្ហាញប្រតិកម្មដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោមការបង្ហោះមួយសារមួយដែលបង្ហាញថា អ្នកនាង St. Clair ហាក់បានចំណាយពេលរៀបចំផែនការអស់រយ:ពេលជាច្រើនឆ្នាំ ដើម្បីបង្កើតកូនរបស់លោក។
អ្នកនាង St. Clair ត្រូវបានគេស្គាល់ថាជាអ្នកអត្ថាធិប្បាយ និងជាអ្នកនិពន្ធដ៏មានឥទ្ធិពលមួយរូប ដែលមានអ្នកតាមដានជាង ១ លាននាក់ នៅលើបណ្តាញសង្គម X។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ជម្រាបជូនថា ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បច្ចុប្បន្នត្រូវបានគេរាយការណ៍ថាមានកូនដល់ទៅ ១២ នាក់ ដោយក្នុងនោះលោក ជាមួយប្រពន្ធទីមួយ គឺអ្នកនាង Justine Wilson មានកូនប្រាំមួយនាក់
និងមានកូនបីនាក់ជាមួយប្រពន្ធទីពីរ គឺតារាចម្រៀង Grimes និងបីនាក់ផ្សេងទៀតជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Neuralink លោកស្រី Shivon Zilis៕