ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នាថា នឹងជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមានលោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាអាមេរិក ក៏បានបន្តធ្វើការជាមួយរដ្ឋាភិបាលអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដើម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចថា ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាពេលនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ភាគីទាំងពីរ ក៏បានផ្តោតកិច្ចពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និងការបោសសម្អាតមីន ជាដើម៕ អត្ថបទ៖ ហ្សាលីន
