លោក ស៊ី ជិនពីង ជួបប្រជុំជាមួយមេធំក្រុមហ៊ុនកំពូលៗរបស់ចិន ចំពេលភាពតានតឹងពាណិជ្ជកម្មខ្លាំង

អន្តរជាតិ

ប្រធានាធិបតី លោក ស៊ី ជិកពីង កាលពីថ្ងៃទី១៧ ខែកុម្ភ:កន្លងទៅ បានបើកកិច្ចប្រជុំដ៏កម្រមួយជាមួយបណ្តាមេដឹកនាំក្រុមហ៊ុនធំៗជាច្រើនរបស់ចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងរដ្ឋភិបាលទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិកកាន់តែកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងកិច្ចប្រជុំដ៏ធំនោះ ប្រធានាធិបតីចិនរូបនេះ បានជួប និងនិយាយទៅកាន់ប្រធានក្រុមហ៊ុនកំពូលៗលំដាប់ប្រទេសដូចជា Alibaba, Huawei, Xiaomi, BYD និងបណ្តាក្រុមហ៊ុនឯកជនផ្សេងទៀត នៅឯវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង។

ទន្ទឹមនឹងនេះ រូបភាពដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋ CCTV ក៏បានបង្ហាញថា មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ផងដែរ។

យ៉ាងណាមិញ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ដើម្បីបង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងការកើនឡើងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយសារតែវិធានការពន្ធគយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

រម្លឹកផងដែរថា លើកចុងក្រោយដែលលោក ស៊ី បានធ្វើសន្និសីទជាមួយអ្នកជំនួញលំដាប់កំពូលៗរបស់ប្រទេសក្នុងកម្រិតបែបនេះ គឺត្រូវបានធ្វើឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ មកម្លេះ។

តាមប្រភពព័ត៌មានដែលដឹងពីកិច្ចប្រជុំលើកចុងក្រោយនេះ លោក Liang Wenfeng ស្ថាបនិក DeepSeek ដែលជាក្រុមហ៊ុនផលិតកម្មវិធី AI របស់ចិនទើបនឹងវាយលុកទីផ្សារ ក៏បានជួបចូលរួមប្រជុំផងដែរ។ ក្រៅពីនេះ មានក្រុមហ៊ុនក្នុងវិស័យ Semiconductor គឺនាយកប្រតិបត្តិ Meituan នៅហុងកុង លោក Wang Xing ស្ថាបនិក China Feihe នៅហុងកុង លោក Leng Youbin និងស្ថាបនិក Will Semiconductor នៅសៀងហៃ លោក Yu Renrong។

លោក Xi Jinping បានសង្កត់ធ្ងន់ជាយូរមកថា គោលដៅរបស់ប្រទេសចិន គឺចង់គ្រប់គ្រងការផលិតឧបករណ៍អេឡិចត្រូនិកដោយខ្លួនឯង និងចង់ឲ្យប្រទេសរបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ហាក់ត្រូវបានរារាំងដោយការដាក់កំហិតនៃការនាំចេញបន្ទះឈីប របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសចិន បាននិយាយថា លោក ស៊ី បានថ្លែងសុន្ទរកថាមួយចំនួន បន្ទាប់ពីបានស្តាប់យោបល់ពីតំណាងក្រុមហ៊ុននានា ប៉ុន្តែខ្លឹមសារនៃសុន្ធរកថានោះ មិនត្រូវបានគេបញ្ចេញឲ្យដឹងនោះឡើយ៕