ADB នឹងបង្កើនការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ដល់ជាង៣៦ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៨ខែកុម្ភៈ បានអនុម័តផែនការដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ៥0%សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់នេះ ។ នេះជាការបន្ថែមមូលដ្ឋានទុនរបស់ខ្លួន ដើម្បីបង្កើនផលជះនៃការអភិវឌ្ឍន៍នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសពត៌មានរបស់ ADB នេះជាការបង្កើនទំហំនៃការអាចផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំរបស់ ADB ពី ២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដល់ជាង ៣៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៤ ។ ការពង្រីកការផ្តល់ហិរញ្ញប្បទាននេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់ ADB ដើម្បីដោះស្រាយអាទិភាពនៃការអភិវឌ្ឍសំខាន់ៗនៅក្នុងតំបន់។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា៖ «ផែនការនេះឆ្លើយតបទៅនឹងតម្រូវការដែលផ្លាស់ប្តូរនៃតំបន់របស់យើង និងបង្កើនផលជះនៃការងាររបស់ ADB ធ្វើឱ្យ ប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដីរបស់យើង។ ជាមួយការប្រើប្រាស់សមត្ថភាពផ្តល់ប្រាក់កម្ចីបន្ថែមរបស់យើង ផែនការប្រើប្រាស់មូលធននេះ អាចឱ្យយើងធ្វើការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់យើងនៅក្នុងតំបន់។»

ផែនការប្រើប្រាស់មូលធននេះ តំណាងឱ្យជំហានបន្ទាប់នៃការវិវត្តកំពុងបន្តរបស់ ADB។ វាជាលទ្ធផលនៃកំណែទម្រង់ការគ្រប់គ្រងមូលធនឆ្នាំ ២០២៣ ដែលបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ ADB។ វាក៏ជាលទ្ធផលនៃ ការធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុននៃយុទ្ធសាស្រ្តរួមរបស់ផែនការប្រើប្រាស់មូលធននេះ រំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃការសន្យាផ្តល់ប្រាក់កម្ចីរបស់ ADB ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ (ជាមួយការបង្កើនបុគ្គលិក និងធនធានជំនួយបច្ចេកទេស) បន្ទាប់ពីមានស្ថិរភាពកំណើន ប្រកបដោយនិរន្តរភាពក្នុងរយៈកាលកន្លងទៅ។