វៀតណាម គ្រោងបើកដៃឲ្យក្រុមហ៊ុនមហាសេដ្ឋី Elon Musk វិនិយោគក្នុងប្រទេសខ្លួន ចំពេលមានគំរាមកំហែងពន្ធរបស់លោក ត្រាំ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសវៀណាម កាលពីពេលថ្មីៗនេះ គ្រោងនឹងអនុម័តច្បាប់ថ្មីមួយដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ផ្តល់សេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ចំពេលរដ្ឋាភិបាលវៀតណាម ហាក់ចង់ព្យាយាមបង្កើនទំនាក់ទំនងការទូតបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ដោយផ្តោតទៅលើ SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងលើការគំរាមកំហែងដោយសារតែវិធានការពន្ធរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

រម្លឹកផងដែរថា ក្រុមហ៊ុន SpaceX របស់លោក Musk ធ្លាប់បានប្រឈមមុខទៅនឹងការរារាំងពីសំណាក់រដ្ឋាភិបាលវៀតណាម ក្នុងការប៉ុនប៉ងចូលមកផ្តល់សេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសនេះ ដោយសារតែមានច្បាប់ហាមឃាត់លើការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេស សម្រាប់ការផ្តល់សេវាអ៊ីនធឺណិតតាមរយ:ផ្កាយរណប។

តែទោះជាយ៉ាងណាក៏ដោយ ជុំវិញបទប្បញ្ញត្តិថ្មីដែលរំពឹងថានឹងត្រូវស្នើឡើងក្នុងសម័យប្រជុំសភាវិសាមញ្ញា នាថ្ងៃពុធ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសមានសិទ្ធិពេញលេញសម្រាប់ផ្តល់សេវាអ៊ីនធឺណិតដែលដំណើរការតាមរយ:បណ្តាញផ្កាយរណបក្នុងគន្លងកម្រិតទាប ក្រោមកម្មវិធីសាកល្បងថ្មីដែលនឹងដំណើរការរហូតដល់ឆ្នាំ២០៣០។

ប៉ុន្តែទន្ទឹមនឹងនេះ ទាំង SpaceX និងក្រសួងព័ត៌មានវៀតណាម ហាក់មិនបានធ្វើអត្ថាធិប្បាយណាមួយ ជុំវិញច្បាប់ថ្មីនេះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន SpaceX បាននិងកំពុងពង្រីកបណ្តាញអ្នកផ្គត់ផ្គង់របស់ខ្លួនមួយចំនួន នៅក្នុងប្រទេសវៀតណាមរួចទៅហើយ ស្របពេលក្រុមមន្ត្រីរដ្ឋាភិបាល ថែមទាំងបាននិយាយថា ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ ក៏កំពុងពិចារណាលើបោះទុនវិនិយោគទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងប្រទេសខ្លួនផងដែរ៕