ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងដំណើរការសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ នឹងបញ្ចប់គម្រោងអំឡុងខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកុម្ម៉ងទិញមកពីអាល្លឺម៉ង់ជាដើម។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា «ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេងនាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ»។
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានធំ (Main Stadium) នឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន រួមទាំងការរប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មីបរិយាកាសថ្មី៕