សេតវិមាន បញ្ជាក់ច្បាស់ៗថា Elon Musk គ្មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចណាមួយឡើយ

អន្តរជាតិ

សេតវិមាន បានបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ថា មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមិនមែនជាមន្ត្រីដែឡមានសិទ្ធិអំណាចធ្វើការសម្រេចចិត្តណាមួយនោះឡើយ បន្ទាប់ពីមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ជុំវិញមុខតំណែងរបស់លោកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេតវិមាន បាននិយាយនៅក្នុងឯកសាររបស់តុលាការសហព័ន្ធ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅថា ដូចគ្នាទៅនឹងទីប្រឹក្សាសេតវិមានជាន់ខ្ពស់ដទៃទៀតដែរ Elon Musk គ្នានសិទ្ធិអំណាចពិតប្រាកដ ឬផ្លូវការ ក្នុងការសម្រេចចិត្តកម្រិតរដ្ឋាភិបាល ដោយខ្លួនឯងបាននោះទេ។

ជុំវិញឯកសារនេះ ត្រូវបានចុះហត្ថលេខាដោយលោក Joshua Fisher នាយកការិយាល័យរដ្ឋបាលសេតវិមាន ដោយបានបញ្ជាក់ទៀតថា លោក Musk មានអំណាចត្រឹមតែអាចផ្តល់ដំបូន្មានដល់ប្រធានាធិបតី លោក ត្រាំ និងបង្ហាញពីការណែនាំរបស់ខ្លួនប៉ុណ្ណោះ។ លោក Fisher បានសង្កត់ធ្ងន់ទៀតថា លោក Musk មិនមែនជាអ្នកគ្រប់គ្រងផ្លូវការនៃការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ទេ ប៉ុន្តែមិនបានបញ្ជាក់ថាតើនរណាជាអ្នកដឹកនាំទីភ្នាក់ងារនេះពិតប្រាកដនោះឡើយ។

នៅក្នុងបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតី លោក ត្រាំ បានប្រកាសថា DOGE ជាអង្គការសាខាប្រតិបត្តិ ជំនួសឲ្យតួនាទីប្រឹក្សានៅខាងក្រៅរដ្ឋាភិបាល ដូចដែលបានប្រកាសកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤។ DOGE មានភារកិច្ចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងសម្រួលការងារក្នុងក្រសួងស្ថាប័នរដ្ឋ។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្តូរឈ្មោះសេវាកម្មឌីជីថលរបស់សហរដ្ឋអាមេរិក (USDS) ទៅជាទីភ្នាក់ងារ DOGE ដោយផ្លាស់ប្តូរទីភ្នាក់ងារពីការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន ទៅជាការិយាល័យប្រតិបត្តិរបស់ប្រធានាធិបតីវិញ ដើម្បីរាយការណ៍ដោយផ្ទាល់ទៅរូបលោក។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជានេះមិនបានលើកឡើងថា លោក Musk គឺជាប្រធាន DOGE នោះទេ ដោយគ្រាន់តែនិយាយថា ប្រធានទីភ្នាក់ងារនេះនឹងត្រូវបានតែងតាំងនៅពេលក្រោយ។

តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលចុងក្រោយនេះ លោក Musk ហាក់មានភាពចម្រូងចម្រាសឥតឈប់ឈរជាមួយនឹងសេចក្តីថ្លែងការណ៍ និងសកម្មភាពជាច្រើនទាក់ទងនឹងសកម្មភាពរបស់ DOGE រហូតធ្វើឲ្យសមាជិកគណបក្សប្រជាធិបតេយ្យប្រដូចរូបលោក នឹង “ប្រធានាធិបតី Musk” ថែមទៀតផង ដោយសារតែមហាសេដ្ឋីរូបនេះ ហាក់ធ្វើសកម្មភាពលើសកម្រិតដោយឯកឯងដែលស្ទើតែគ្មាននរណាអាចគ្រប់គ្រងបាន៕