ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ដល់ថ្នាក់ដឹកនាំ នៃសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជា ចំនួន ៥រូប រួមទាំង អ្នកឧកញ៉ា កី ម៉ានេ សមាជិកសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៥/២៦០ ព្រះមហាក្សត្របានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក កីឡាករ និងកីឡាការិនី នៃសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជា សរុបចំនួន ៣៣រូប យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនោះគ្រឿងឥស្សរិយយស «ជាតូបការ» មានចំនួន ៥រូប រួមទាំង អ្នកឧកញ៉ា កី ម៉ានេ។
សូមជម្រាបថា អ្នកឧកញ៉ា កី ម៉ានេ ជាអគ្គនាយិកាក្រុមហ៊ុន ម៉ានេ គ្រុប ដែលមានបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួនដូចជា ម៉ានេ ហូថែល ខឺលេកសិន (Mane Hotel Collection), ក្រុមហ៊ុនមេធាវី ម៉ានេ (Mane Law Firm), ម៉ានេ រៀល អ៊ីស្ទេត (Mane Real Estate) និងម៉ានេ ឌីហ្សាញ & ខន់ស្ត្រាក់សិន (Mane Design & Construction)។ លោកស្រី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕

