អង្គភាពរបស់ Elon Musk អះអាង​ថា​បាន​ជួយ​សន្សំសំចៃថវិការបស់​រដ្ឋាភិបាលអាមេរិកដល់ទៅ ៥៥ពាន់​លាន​ដុល្លារ

អន្តរជាតិ

ក្រុមប្រឹក្សាប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) របស់មហាសេដ្ឋី Elon Musk អះអាងថាបានជួយសន្សំសំចៃថវិការបស់រដ្ឋភិបាលសហរដ្ឋអាមេរិក ដល់ទៅចំនួន ៥៥ពាន់លានដុល្លារ តាមរយៈផែនការកាត់បន្ថយជាបន្តបន្ទាប់របស់ខ្លួន ស្របពេលតួលេខនេះ នៅតែអាចបន្តកើនឡើងបន្ថែមទៀត។ នេះបើតាមករចុះផ្សាយពីសារព័ត៌មាន ABC News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈថា ខ្លួនបានជួយសន្សំថវិការបស់រដ្ឋាភិបាលបានយ៉ាងច្រើន ជាមួយនឹងការលុបចោលកិច្ចសន្យាដែលមិនចាំបាច់ ការបញ្ឈប់បុគ្គលិក និងការលក់ទ្រព្យសម្បត្តិផ្សេងៗ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងសេតវិមាន នៅថ្ងៃទី២០ ខែមករាមក។

ទោះជាយ៉ាងណាក៏ដោយ តួលេខនៃថវិកានេះហាក់មិនទាន់អាចផ្ទៀងផ្ទាត់បានថា តើ DOGE បានកាត់បន្ថយចំនួនប៉ុន្មានបន្ថែមទៀត និងអ្វីដែលពួកគេកំពុងកំណត់គោលដៅនោះទេ ដោយសារទីភ្នាក់ងារនេះ បានទទួលស្គាល់ថាខ្លួនបានបោះពុម្ពផ្សាយតែផ្នែកនៃកិច្ចសន្យាដែលនឹងត្រូវលុបចោល នៅក្នុងយុទ្ធនាការកាត់បន្ថយការចំណាយរបស់ខ្លួនប៉ុណ្ណោះ។ DOGE ក៏បាននិយាយទៀតផងដែរថា ព័ត៌មានអំពីចំនួនថវិកាដែលបានជួយសន្សំរដ្ឋ បច្ចុប្បន្នមានត្រឹមតែប្រហែល ២០% ប៉ុណ្ណោះ ដោយបញ្ជាក់ថាខ្លួននឹងបន្តផ្សព្វផ្សាយទិន្នន័យថ្មីៗបន្ថែមទៀត។

បន្ថែមពីលើការលុបចោលកិច្ចសន្យាដែលមិនចាំបាច់ DOGE បាននិយាយថាខ្លួនក៏បានកាត់បន្ថយការចំណាយមួយចំនួនផ្សេងទៀត ដែលករកឃើញពីការក្លែងបន្លំ ការលក់ទ្រព្យសម្បត្តិសាធារណៈ ការលុបចោលការឧបត្ថម្ភធន សម្រួលចំនួនបុគ្គលិក ការអនុវត្តការផ្លាស់ប្តូរដំណើរការ និងការសន្សំបទប្បញ្ញត្តិ ផងដែរ។

យោងតាមការប្រកាសនៅលើគេហទំព័រផ្លូវការ DOGE បានកាត់បន្ថយយ៉ាងហោចណាស់ ៦,៥ពាន់លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចំនួន ៥០២លានដុល្លារពីនាយកដ្ឋានអប់រំ , ២៣២លានដុល្លារពីរដ្ឋបាលសន្តិសុខសង្គម និង ១៩២លានដុល្លារពីរដ្ឋបាលសេវាសាធារណៈ។

ទីភ្នាក់ងារនេះ ក៏បានកាត់បន្ថយយ៉ាងហោចណាស់ ១៧៣លានដុល្លារពីនាយកដ្ឋានកសិកម្ម , ១៥២លានដុល្លារពីនាយកដ្ឋានសុខភាពនិងសេវាមនុស្ស , ១៣៣លានដុល្លារពីនាយកដ្ឋានដឹកជញ្ជូន និង ១១៩លានដុល្លារពីនាយកដ្ឋានពាណិជ្ជកម្ម។

ជម្រាបជូនផងដែរថា មហាសេដ្ឋី Elon Musk ដែលជាបុគ្គលមានជាងគេបំផុតនៅលើពិភពលោក ត្រូវបានតែងតាំងដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ជា “ភ្នាក់ងារពិសេស” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានដឹកនាំអង្គភាព DOGE ឲ្យអនុវត្តផែនការដើម្បីសម្រួល និងកែទម្រង់ប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ៕