អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅជួយសង្គ្រោះមនុស្សម្នាក់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ករណីលិចទូកដឹកគ្រឿងសំណង់ នៅកណ្តាលសមុទ្រ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនទៅជួយសង្គ្រោះករណីលិចទូកដឹកគ្រឿងសំណង់ ជួយមនុស្សម្នាក់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត នៅកណ្តាលសមុទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូឃ្លីបបង្ហាញពីសកម្មភាពក្រុមការងារអូប័រល្បឿនលឿនទៅជួយសង្គ្រោះករណីលិចទូកខាងលើ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ ភ្ជាប់ជាមួយសារដូច្នេះថា៖ “មុននេះបន្តិច បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង ស្រង់បានមនុស្សម្នាក់ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត នៅកណ្តាលសមុទ្រ ចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង”។

អ្នកជំនួញនៅប៉ែកនិរតីរូបនេះ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ហើយអ្នកឧកញ៉ា ជានិច្ចកាលតែងតែជួយការងារសប្បុរធម៌ជួយសង្គ្រោះជីវិតមនុស្ស ដូចជា ការជួយសង្គ្រោះការលិចទូករបស់ពលរដ្ឋ និងភ្ញៀវទេសចរនៅកណ្តាលសមុទ្រ និងការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ដែលរស់នៅលើកោះនានា មកសម្រាលនៅទីរួមខេត្តជាដើម។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕