លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានសម្រេចបំពាក់ប្រព័ន្ធទូរស័ព្ទអន្តរាគមន៍បន្ទាន់លេខ 1212 អាចហៅចូលបានគ្រប់ប្រព័ន្ធដោយមិនគិតប្រាក់ ហើយទោះទូរស័ព្ចមិនមានទឹកប្រាក់ក៏អាចហៅចូលបានដែរ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ក្នុងករណីជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានបញ្ហាគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្តខេត្តតាកែវ។

កងរាជអាវុធហត្ថខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖ “សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គភាពយើងខ្ញុំបានបំពាក់ប្រព័ន្ធទូរស័ព្ទអន្តរាគមន៍បន្ទាន់លេខ 1212 អាចហៅចូលបានគ្រប់ប្រព័ន្ធដោយមិនគិតប្រាក់(បញ្ជាក់៖ ទូរស័ព្ចមិនមានទឹកប្រាក់ក៏អាចហៅចូលបានដែរ)។ ក្នុងករណីបងប្អូន ជួបហេតុការណ៍ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានបញ្ហាគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្តខេត្តតាកែវ សូមទំនាក់ទំនងលេខ 1212 មកអង្គភាពយើងខ្ញុំ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ២៤ម៉ោង”។
លេខពិសេស 1212 នេះ អង្គភាពភាពកងរាជអាវុធហត្ថខេត្ត បានបំពាក់សម្រាប់បងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកពេលជួបហេតុការណ៍នានា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម រឺជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដើម្បីឱ្យកម្លាំងចុះអន្តរាគមន៍ ឬសង្គ្រោះទាន់ពេលវេលា។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏បានណែនាំដល់កម្លាំងដែលមានភារកិច្ចប្រចាំការ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងដាច់ខាតត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងផងដែរ។


