ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។

នេះបើតាមប្រសាសន៍របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងកម្មវិធីនេះ លោក វង្សី វិស្សុត បានគូសរំលេចអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ ជាដើម។
លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកប្រទេសជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតមួយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ការប្រែប្រួលអាកាសធាតុ, ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក។

លោកបានគូសបញ្ជាក់ថា ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
លើសពីនេះ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្ដុះបណ្ដាលជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹងភាពប្រកួតប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា៕
