អាគារ J-Tower 3 ដែលជាអាគារបែបខុនដូដំបូងគេនៅទីក្រុងភ្នំពេញ មានកំពស់រហូតដល់ទៅ ៣២០ម៉ែត្រ ស្មើរនឹង ៧៧ជាន់ ត្រូវបានគេរំពឹងទុកថា ជាអាគារខ្ពស់ជាងគេបំផុតនៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញផ្ទាល់តែម្តង ពេលដែលសាងសង់រួចរាល់ជាស្ថាពរ។

J-Tower 3 ស្ថិតនៅតំបន់មានសក្តានុពល ខាងត្បូង សង្កាត់បឹងកេងកងទី១ ទន្លេបាសាក់ រាជធានីភ្នំពេញ ដោយអាគារត្រូវបានសាងសង់លើផ្ទៃដីទំហំជិត ២ ០០០ម៉ែត្រការ៉េ មាន ៧៧ជាន់ស្មើរនឹងកំពស់ ៣២០ម៉ែត្រ និងមាន ៣៦០ យូនីត ដោយមួយយូនីតៗមានទំហំ ១៦៦ម៉ែត្រការ៉ និងទំហំ ១៧៨ម៉ែត្រការ៉េ។ ក្រៅពីនោះ J-Tower 3 ក៏បំពាក់មកនូវបរិក្ខារទំនើបៗ គួបផ្សំនឹងកន្លែងដ៏សម្បូរបែបក្នុងអាគារតែមួយ តួយ៉ាងមានទាំងអាងហែលទឹកឯកជន អាងហែលទឹកសម្រាប់កុមារ ក៏ដូចជាអាងហែលទឹកប្រើប្រាស់នៅខាងក្រៅទូទៅ និងមានផងដែរនូវ Lounge កន្លែងហាត់ប្រាណ និងសួនបៃតងដ៏ស្រស់ស្អាតដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ J-Tower 3 ក៏មាននូវកន្លែងចតរថយន្តជាច្រើនជាន់ បន្ទប់ខារ៉ាអូខេ កន្លែងកម្សាន្តបន្ធូរអារម្មណ៍ កន្លែងបោកគក់ ឯជាន់ខាងលើគេបង្អស់វិញនោះ ក៏មាននូវ Sky Bar និង Sky Pool ដ៏ទាក់ទាញផងដែរ។
សូមជម្រាបថា J-Tower 3 ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Tanichu Assetment Co., Ltd បន្ទាប់ពីក្រុមហ៊ុនមួយនេះ ទទួលបានភាពជោគជ័យពីគម្រោងមុនៗរបស់ខ្លួនលើការអភិវឌ្ឍន៍ J-Tower 1 និង J-Tower 2 ។ បន្ថែមពីនោះបើតាម IPS បានឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ លើសពី ៧៥%នៃអាគារ J-Tower 3 ទាំងមូលត្រូវបានលក់អស់ហើយ ខណៈអាគារដ៏ខ្ពស់ស្កឹមស្កៃមួយនេះរំពឹងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាត្រីមាសទី៤ ឆ្នាំ២០២៨ ខាងមុខ៕













