អាស៊ាន គ្រោងបើកកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាអំពីបញ្ហាពន្ធគយថ្មី

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃទី២០ ខែកុម្ភ:កន្លងទៅថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក ដើម្បីឲ្យប្រទេសជាសមាជិករបស់ខ្លួន អាចបង្ហាញពីទស្សនៈរបស់ពួកគេទៅលើផែនការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការនៃការរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធប្រហែល ២៥% បន្ថែម ពីលើការនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ នាពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី​ លោក Mohamad Hasan បានប្រាប់ទៅកាន់សភាថា ពន្ធគយបែបនេះ អាចនឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ម៉ាឡេស៊ី ដោយសារផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិក បានចូលរួមចំណែកដល់ទៅ ៦០% នៃពាណិជ្ជកម្មសរុបរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

លោក​ Hasan បាន​មាន​ប្រសាសន៍​ទៀតថា​៖”ផែនការពន្ធគយថ្មី​នេះ​ ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ ប្រសិន​បើ​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​ពេល​ឆាប់​ៗ​ទេនោះ។ យើង​ត្រូវតែ​ធ្វើ​ការ​ពិភាក្សា​អំពី​របៀប​ផ្ដល់​​ទស្សនៈ​​ពី​សំណាក់ប្រទេស​ជាសមាជិកអាស៊ានផ្សេងទៀត ​ដើម្បី​ធានា​ថា​ពន្ធគយ​ដែល​បាន​ស្នើ​ឡើង​មិន​ដាក់​បន្ទុក​ដល់​យើង”។

គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ី​ នឹងត្រូវធ្វើជា​ប្រធាន​សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ​នៅ​ឆ្នាំ​២០២៥ នេះ។

យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ៨០,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ស្របពេលឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិក ជាមួយម៉ាឡេស៊ីមានចំនួន ២៤,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន៕