ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk មានគម្រោងក្នុងការសាងសង់រោងចក្ររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដើម្បីគេចចេញពីការដាក់ពន្ធនាំចូលរបស់ប្រទេសនេះនោះ វានឹងក្លាយជារឿងដ៏អយុត្តិធម៌បំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NDTV World។
ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Tesla បានចាប់ផ្តើមប្រកាសជួលបុគ្គលិកនៅក្នុងប្រទេសឥណ្ឌា ដែលជាសញ្ញាចុងក្រោយមួយ ក្នុងការខិតជិតបញ្ចប់ការពន្យារពេលដ៏យូរ ជុំវិញផែនការយករថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក ទៅលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌា ក្រោយនាយកប្រតិបត្តិ Tesla លោក Elon Musk បានជួបពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញផែនការនេះ លោក Trump បាននិយាយថា វានឹងមិនអាចទៅរួចទេសម្រាប់ Elon Musk ក្នុងការលក់រថយន្ត EV របស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។ លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងតែទាញយកផលប្រយោជន៍ពីអាមេរិក ហើយពួកគេបានតបស្នងមកវិញជាមួយនឹងការដាក់ពន្ធគយខ្ពស់ ដូច្នេះវាមិនអាចទៅរួចទេក្នុងការលក់យករថយន្តរបស់យើងទៅលក់នៅលក់នៅទីនោះ ជាក់ស្តែង ដូចជាប្រទេសឥណ្ឌា ជាឧទាហរណ៍។
ជាមួយគ្នានេះ ប្រធានាធិបតីលោក ត្រាំ បាននិយាយទៀតថា វានឹងក្លាយជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់អាមេរិក ប្រសិនបើ Elon Musk សម្រេចចិត្តសាងសង់រោងចក្រនៅទីនោះ។ ឥឡូវនេះ ប្រសិនបើគាត់មានបំណងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌា វាមិនអីទេ ប៉ុន្តែវានឹងក្លាយជារឿងមិនយុត្តិធម៌សម្រាប់ពួកយើង។ វាពិតជាអយុត្តិធម៌ខ្លាំងណាស់” ។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌា កាលពីខែមីនាឆ្នាំមុន បានបង្ហាញគោលនយោបាយចំពោះរថយន្ត EV ថ្មីរបស់ខ្លួន ដោយយល់ព្រមកាត់បន្ថយពន្ធនាំចូលយ៉ាងច្រើនមកត្រឹម ១៥% ប្រសិនបើក្រុមហ៊ុនផលិតរថយន្តណាមួយ បោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៥០០លានដុល្លារ និងបង្កើតរោងចក្រ។
ជម្រាបជូនផងដែរថា ក្រោយជំនួបជាមួយលោក Modi ក្រុមហ៊ុន Tesla របស់លោក Musk ត្រូវបានគេរំពឹងថានឹងចូលទីផ្សារឥណ្ឌា នៅដើមខែមេសាឆ្នាំនេះ ខណ:ប្រភពធំៗជាច្រើន បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនអាមេរិក បានជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់ដាក់តាំងបង្ហាញរថយន្តរបស់ខ្លួនចំនួនពីររួចរាល់ហើយ នៅក្នុងទីក្រុង New Delhi និង Mumbai ៕