Amazon ត្រូវបានគេរាយការណ៍ថា បានវ៉ាដាច់ក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart ជាលើកដំបូង ដើម្បីក្លាយជាក្រុមហ៊ុនដែលមានប្រាក់ចំណូលប្រចាំត្រីមាសច្រើនជាងគេបំផុត នៅសហដ្ឋអាមេរិក ជាមួយចំនួនសរុបជិត ១៩០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។
កាលពីដើមខែនេះ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Amazon បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ ដោយបានកត់ត្រាប្រាក់ចំណូលសរុបជិត ១៨៨ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart ដែលជាដៃគូប្រកួតប្រជែងដ៏ធំរបស់ Amazon បាននិយាយថា ប្រាក់ចំណូលសម្រាប់ត្រីមាសដែលបញ្ចប់ទៅក្នុងខែមករា ឆ្នាំ២០២៥ គឺមានត្រឹមតែ ១៨០,៥ពាន់លានដុល្លារប៉ុណ្ណោះ។
ជុំវិញតួលេខនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Amazon បានវ៉ាដាច់ Walmart ដើម្បីក្លាយជាក្រុមហ៊ុនដែលមានប្រាក់ចំណូលប្រចាំត្រីមាសច្រើនជាងគេ នៅសហរដ្ឋអាមេរិក ជាលើកដំបូង។
គួរបញ្ជាក់ផងដែរថា Walmart បានកាន់ជាក្រុមហ៊ុនដែលទទួលបានប្រាក់ចំណូលប្រចាំត្រីមាសច្រើនជាងគេបំផុតរបស់អាមេរិក គិតចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ខណ:នៅពេលនោះពួកគេបានវ៉ាដាច់ក្រុមហ៊ុនប្រេងលំដាប់កំពូល Exxon Mobil ។
ការលក់រាយនៅតែជាកត្តាជំរុញប្រាក់ចំណូលធំបំផុតរបស់ Amazon ។ ប៉ុន្តែទន្ទឹមនឹងនោះ សេវាកម្ម Cloud computing (AWS) ការផ្សាយពាណិជ្ជកម្ម និងសេវាកម្មអាជីវករ ក៏ត្រូវបានមើលឃើញថាសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ។
គួរឲ្យដឹងផងដែរថា Walmart នៅតែនាំមុខគេនៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំ។ យោងតាមស្ថាប័នវាយតម្លៃ FactSet បានប៉ាន់ប្រមាណថា ក្រុមហ៊ុនលក់រាយលំដាប់កំពូលមួយនេះ អាចនឹងកត់ត្រាប្រាក់ចំណូលសរុបជិត ៧០៩ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធនេះ (ដែលបញ្ចប់ទៅនាខែមីនា ឆ្នាំ២០២៥) ស្របពេលក្រុមហ៊ុន Amazon អាចរកបានត្រឹមតែ ៧០១ពាន់លានដុល្លារប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងតម្លៃមូលធនទីផ្សារ Amazon បានវ៉ាដាច់ Walmart គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មកម្លេះ។ នៅពេលនោះ តម្លៃទីផ្សាររបស់ Amazon បានឈានដល់ជិត ២៤៨ពាន់លានដុល្លារ ពោលខ្ពស់ជាង Walmartដែលមានចំនួនត្រឹមប្រមាណ ២៣១ពាន់លានដុល្លារ។ បច្ចុប្បន្នតម្លៃទីផ្សាររបស់ Amazon បានឈានដល់ជាង ២,៣ទ្រីលានដុល្លារអាមេរិក ខណៈពេលដែលក្រុមហ៊ុន Walmart មានត្រឹម ៧៨០ពាន់លានដុល្លារ៕