សម្ដេចតេជោហ៊ុន សែន នៅក្នុងពេលថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធព្រឹិត្តិការណ៍ សហគមន៍២៨វិច្ឆិកា និងសមិទ្ធផលកើតពីនយោបាយឈ្នះ ឈ្នះ បានបង្ហើបពីចំណូលដែលបានមកពីប្រេងកាត រដ្ឋាភិបាលនឹងយកទៅអភិវឌ្ឍលើវិស័យអប់រំ និងសុខាភិបាល។ ការថ្លែងបញ្ជាក់នេះ ក្រោយកម្ពុជាប្រកាសទទួលបានតំណក់ប្រេងលើកដំបូង ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំជាយូរឆ្នាំ។
សម្តេចតេជោលើកពីមតិរិះគន់លើការបែងចែកចំណូលពីប្រេងនេះ នៅពេលចំណូលទាំងនោះមិនទាន់បាននៅឡើយ។ សម្តេចថ្លែងប្រាប់ដល់អ្នករិះគន់ថា ចំណូលពីប្រេងរដ្ឋាភិបាលនឹងយកទៅអភិវឌ្ឍលើវិស័យអប់រំ និងសុខាភិបាល។
សម្តេចក៏បញ្ជាក់ពីសិទ្ធិផ្តាច់មុខរបស់កម្ពុជាលើការគ្រប់គ្រងប្រេងនៅក្នុងប្លុក A គឺមិនមានការត្រួតស៊ីគ្នាដូចការលើកឡើងនោះទេ។ ទីតាំងប្រេងស្ថិតដែនគ្រប់គ្រងរបស់កម្ពុជា ចម្ងាយ ១៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ៣៥០ ពីខេត្តសុងក្លាប្រទេសថៃ និង ៣៣៥ គីឡូម៉ែត្រពីប៉ាតាយ៉ា។
សម្តេចបញ្ជាក់ថា រដ្ឋាភិបាលនឹងចរចាជាមួយភាគីថៃ លើការទាញធនធាននៅក្រោមបាតសមុទ្រនៅតំបន់ដែលត្រួតស៊ីគ្នា។
សម្តេចក៏លើកឡើងដែរថា ការប្រកាសទទួលបានប្រេងនេះ មិនមែនជាបណ្តាសា គឺជាពរជ័យ សម្រាប់ការអភិវឌ្ឍដល់ប្រទេស។ បើតាមសម្តេចតេជោ កម្ពុជានឹងទាញប្រភពចំណូលពីរ៉ែមាស ធ្យូងថ្ម បន្តទៀត នៅពេលកម្ពុជាមិនទាន់ប្រើប្រាស់ធនធានធម្មជាតិទាំងនេះបម្រើប្រយោជន៍នៅឡើយ៕