ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្វែងរកលទ្ធភាពក្នុងការយកត្រលប់មកវិញនូវជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារពីអ៊ុយក្រែន ជាពិសេសជាមួយនឹងធនធានរ៉ែកម្រ ប្រេង ឬអ្វីៗផ្សេងទៀតដែលត្រូវការចាំបាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អំឡុងពេលថ្លែងនៅក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ លោក ត្រាំ បាននិយាយសង្កត់ធ្ងន់ទៅលើប្រទេសអ៊ុយក្រែនថា៖” ខ្ញុំកំពុងស្វែងរកលុយរបស់ខ្ញុំត្រលប់មកវិញ ឬទទួលបានការធានាអ្វីមួយផ្សេងទៀត។ ខ្ញុំចង់ឲ្យពួកគេផ្តល់មកឲ្យយើងនូវអ្វីមួយជាថ្នូរទៅនឹងប្រាក់ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យពួកគេ។ យើងកំពុងស្នើសុំយកធនធានរ៉ែកម្រ និងប្រេង ឬអ្វីគ្រប់យ៉ាងផ្សេងទៀត ដែលអាចទទួលយកបាន”។
ទន្ទឹមនឹងនេះ លោក ត្រាំ បានបន្ថែមទៀតថា លោកចង់បានប្រាក់មួយចំនួនត្រលប់មកវិញ ដោយសារតែវាហាក់ជារឿងដ៏អយុត្តិធម៌មួយ ដោយចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ប៉ុន្តែហាក់មិនដែលទទួលបានអ្វីត្រលប់មកវិញនោះទេ។
រម្លឹកផងដែរថា លោក ត្រាំ ធ្លាប់បានស្នើឲ្យអ៊ុយក្រែនប្រគល់នូវសិទ្ធិកាន់កាប់ ៥០% ឬស្មើទៅនឹងតម្លៃ ៥០០ពាន់លានដុល្លារ នៃធនធានរ៉ែកម្រៗរបស់ពួកគេ ដើម្បីទូទាត់សងសម្រាប់ជំនួយដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានផ្តល់ដល់ឲ្យទៅកាន់ទីក្រុងគៀវ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះ ហាក់ខ្ពស់ជាងអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់បានផ្តល់ជំនួយទៅដល់អ៊ុយក្រែន ស្របពេលមានការប្រឆាំងដាច់ខាតពីសំណាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Zelensky។
យោងតាមតួលេខផ្លូវការបានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាមានតម្លៃជាង ៦០ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ២០២២ មក។ មិនតែប៉ុណ្ណោះ ដោយរួមបញ្ចូលទាំងជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់អ៊ុយក្រែននៅក្នុងតម្លៃប្រហែល ១២០ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០២២ ដល់ចុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យទទួលបានពីវិទ្យាស្ថាន Kiel Institute for the World Economy ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់៕