កម្ពុជា​នឹងលក់ផល​ប្រេង​ទាំង​អស់​ ទៅកាន់​​ទីផ្សារ​អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយ​ការ​ប្រកាស​ទទួល​បាន​ដំណក់​ប្រេង​ជា​លើក​ដំបូង កម្ពុជា​នឹង​លក់​ផល​ប្រេង​ទាំង​អស់​ទៅ​ទីផ្សារ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម​ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត​កម្ពុជា​បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​អត់​មាន​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឡើយ​ទេ ដូច្នេះ​ប្រេង​ដែល​បូម​បាន​ជា​ប្រេង​ឆៅ នឹង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​​បរទេស។

ឯកឧត្តម​បន្ត​ថា លទ្ធភាព​ការ​បូម​​បាន​នៅ​ដំណាក់​កាល​ដំបូង​បាន​​​ប្រហែល ៧៥០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​រយៈ​ពេល ០៩ ឆ្នាំ រំពឹង​អាច​​ផលិតបាន​ ៣៥ លាន​ប៉ារ៉ែល។

តាមអគ្គនាយកប្រេង​កាត​ មិន​រំពឹងថា តម្លៃប្រេងនៅកម្ពុជាអាច​នឹង​ធ្លាក់ចុះនោះទេ ដោយការចម្រាញ់ប្រេងឆៅត្រូវ​ដឹកទៅប្រទេសផ្សេង តែ​ចំណូលដែល​បាន​ពី​ការ​លក់ប្រេងនេះ នឹង​បង្ហូរ​ចូលថវិកា​ជាតិជួយ​ដល់ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ។

ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​សាទរ​ដែលកម្ពុជា​​បានទទួល​​ដំណក់​ប្រេង​លើក​ដំបូង​ដែលជា​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​។ សម្តេច​តេជោ​ថ្លែង​ថា ផលចំណូល​បានពី​ប្រេង​នេះ​ជាពរជ័យសម្រាប់​យកមកអភិវឌ្ឍ​ជាតិ​ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

នៅឆ្នាំ ២០០២ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយក្រុមហ៊ុន Chevron របស់អាមេរិក ដើម្បី​បើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍអណ្តូងប្រេងអាចចាប់ផ្តើមបាន។តាមផែនការ ផលិតកម្មប្រេងដំបូងគ្រោងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើ ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន)។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ បានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និង​ការ​បូមបានដំណក់ប្រេង​លើកដំបូង​នៅ​ថ្ងៃ ២៩ ធ្នូ ឆ្នាំ​២០២០៕