ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេសុី ប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប របស់អ្នកឧកញ៉ា លី ឃុនថៃ និងត្រូវបានប្រគល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម Shaharuddin Onn ជាអ្នកការទូតដ៏ឆ្នើមមួយរូបរបស់ប្រទេសម៉ាឡេសុី ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតម៉ាឡេសុី ប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលបានការតែងតាំងនេះ ឯកអគ្គរាជទូតបានអញ្ជើញចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំជាតិរបស់កម្ពុជាច្រើនរូប ដើម្បីបន្តរឹតចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានជាង៦៧ឆ្នាំកន្លងមក ព្រមទាំងត្រៀមខ្លួន និងរួមគ្នាស្វែងរកសក្ដានុពល និងឱកាសជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងទាំងពហុភាគី ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រទេសទាំងពីរមានទស្សនៈប្រហាក់ប្រហែលគ្នាលើកិច្ចការតំបន់និងអន្តរជាតិ ហើយក៏រួមគ្នាពង្រឹងគោលការណ៍ឯកភាព និងមជ្ឈមភាពអាស៊ាន សំដៅរក្សាភាពខ្លាំងរបស់អាស៊ាន។
សូមជម្រាបថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមាន អ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល បានកើតចេញពីអង្គការក្នុងស្រុកមួយ បណ្តុះបណ្តាលជំនាញវគ្គខ្លី និងបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២ និងបានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កាលឆ្នាំ២០០៥។ បច្ចុប្បន្ន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសកម្ម សរុបបានជាង ២២ឆ្នាំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។







