លោក ត្រាំ ចង់ឲ្យ Elon Musk​ ប្រើប្រាស់អំណាចក្នុងអង្គភាពរបស់ខ្លួន កាន់តែខ្លាំងជាងមុន

អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk និងក្រុមប្រឹក្សាប្រិសិទ្ធភាពរដ្ឋាភិបាល ប្រើប្រាស់អំណាចរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលដល់ការចំណាយ និងពង្រឹងប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅក្នុងការបង្ហោសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែកុម្ភ:កន្លងទៅ លោក ត្រាំ បាននិយាយថា ៖”​ លោក Elon Musk កំពុងធ្វើការងារដ៏អស្ចារ្យ ប៉ុន្តែខ្ញុំចង់ឲ្យគាត់ប្រើសិទ្ធិអំណាចកាន់តែខ្លាំងជាងនេះទៀត។ ត្រូវចាំថា ប្រទេសរបស់យើងត្រូវការសន្សំសំចៃជាចាំបាច់”។

រម្លឹកផងដែរថា បន្ទាប់ពីចូលកាន់តំណែងនៅក្នុងសេតវិមាននៅថ្ងៃទី២០ ខែមករា មក លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើតការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីអនុវត្តផែនការដើម្បីសម្របសម្រួល និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ ទន្ទឹមនឹងនេះ លោក ត្រាំ បានសម្រេចតែងតាំងមហាសេដ្ឋីបច្ចេកវិទ្យា លោក Musk ឲ្យទទួលបន្ទុកដឹកនាំទីភ្នាក់ងារបង្កើតថ្មីនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ របៀបធ្វើការរបស់អង្គភាព DOGE ហាក់បាន​បង្កឲ្យមានភាពចម្រូងចម្រាស និងការមិនពេញចិត្តជាច្រើន នៅពេលដែល DOGE បានសម្រេចបិទទីភ្នាក់ងាររដ្ឋាភិបាលធំៗ និងប្រកាសបណ្តេញបុគ្គលិកសំខាន់ៗជាច្រើន ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។

បន្ថែមពី​នេះ DOGE ក្រោមការដឹកនាំរបស់ លោ​ក Musk ក៏បានប្រើវិធានការកាត់បន្ថយ​បុគ្គលិក​រដ្ឋ ដែលទទួលប្រាក់ខែពីរដ្ឋាភិបាល ដើម្បីរឹតត្បិតការប្រើថវិកា ដែលមិនចាំបាច់ និងពង្រឹង​នូវប្រសិទ្ធភាព នៃប្រព័ន្ធកិច្ចការងារបុគ្គលិករដ្ឋាភិបាលឡើងវិញ ផងដែរ។

ជម្រាបជូនថា ដោយផ្នែកតាមទិន្នន័យរបស់ទីភ្នាក់ងារ DOGE សកម្មភាពរបស់ទីភ្នាក់ងារ នេះបានជួយឲ្យរដ្ឋាភិបាល​សហព័ន្ធ អាចសន្សំសំចៃថវិកាប្រមាណ ៥៥ពាន់លានដុល្លារ តាមរយៈការបញ្ចប់​កិច្ចព្រមព្រៀងផ្សេងៗ ក៏ដូចជាការបញ្ចប់ជំនួយ និងការកាត់បន្ថយបុគ្គលិកការងារ ជាដើម៕