លោក Zelensky ថាសុខចិត្តអស់តំណែង ឲ្យតែអ៊ុយក្រែនបានចូលជាសមាជិកណាតូ

អន្តរជាតិ

ប្រធានាធិបតី លោក Volodymyr Zelensky បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចុះចេញពីតំណែងភ្លាមៗ ដើម្បីដូរជាមួយនឹងសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ឬអាចចូលជាសមាជិករបស់អង្គការណាតូ បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាអ៊ុយក្រែនឆ្នាំ២០២៥ ដែលត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងគៀវ កាលពីថ្ងៃទី២៣ ខែកុម្ភ:កន្លងទៅ លោក Zelensky បានលើកឡើងថា ៖” ប្រសិនបើខ្ញុំចាំបាច់ត្រូវតែចុះចេញពីតំណែង ដើម្បីផ្តល់សន្តិភាពសម្រាប់អ៊ុយក្រែននោះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំអាចផ្លាស់ប្តូរមុខតំណែងរបស់ខ្ញុំ ដើម្បីឲ្យអ៊ុយក្រែន អាចចូលជាសមាជិករបស់ណាតូ បានផងដែរ”។

យ៉ាងណាមិញ ការលើកឡើងរបស់លោក Zelensky បែបនេះ ត្រូវបានធ្វើឡើង ចំពេលកំពុងមានការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅលើមេដឹកនាំអ៊ុយក្រែនថាជា ជនផ្តាច់ការ ស្របពេលប្រធានាធិបតអាមេរិករូបនេះ ក៏បានស្នើឲ្យមានកិច្ចព្រមព្រៀងដោះដូររ៉ែកម្រដែលតម្លៃប្រមាណ ៥០០ពាន់លានដុល្លារ ជាថ្នូរទៅនឹងការសងត្រលប់មកវិញនូវជំនួយដែលអាមេរិក ផ្តល់ទៅឲ្យអ៊ុយក្រែន នាពេលកន្លងមក ផងដែរ។ ប៉ុន្តែទោះ​យ៉ាង​ណា មេដឹកនាំ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ជំនួយ​យោធា​ទាំងនោះ មិន​មែន​ជា​កម្ចី​នោះទេ។

ក្រៅពីនោះ លោក ត្រាំ កាលពីខែមុន ក៏បានបង្ហាញការរិះគន់ចំៗទៅលើប្រធានាធិបតីអាណត្តិមុន គឺលោក ចូ បៃដិន សម្រាប់ការគាំទ្រសមាជិកភាពរបស់អង្គការណាតូរបស់អ៊ុយក្រែនផងដែរ ដោយលើកឡើងថានេះជាហេតុផលដែលរុស្ស៊ី ឈានដល់ការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។

ជម្រាបជូនផងដែរថា បណ្តាប្រទេសជាជាសមាជិកណាតូ ធ្លាប់បានព្រមព្រៀងគ្នា អំពីលទ្ធភាពដែលអាចឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធមិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសឈប់គាំទ្រសកម្មភាពនេះវិញ ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យដែលអង្គការណាតូ អាចត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី​ និងធ្វើឲ្យសង្គ្រាមកាន់តែរីកធំឡើង៕