រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលទីក្រុងប៉េកាំង បានបង្ហាញការប្ដេជ្ញាចិត្តលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យអាទិភាព ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំងពីរ ឱ្យបានទៅវិញទៅមកកាន់តែល្អប្រសើរ។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាមួយ លោក យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងប៉េកាំង កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នាឱកាសនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈចិន គឺបានឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្តសៀមរាប និងទីក្រុងប៉េកាំង ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន។ តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះដែរ លោកថា នឹងធ្វើឱ្យចំណងមិត្តភាពរវាងខេត្តក្រុងទាំងពីរកាន់តែល្អប្រសើរឡើង ពីសេសការជំរុញនូវកំណើនភ្ញៀវទេសចរ ខណៈដែលខេត្តសៀមរាប ក៏ដូចជាក្រុងប៉េកាំង គឺជាខេត្តក្រុងដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដូចគ្នា ដែលជាន្នូលដ៏សំខាន់ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំង២ ព្រោះវាគឺប្រភពចំណូលសេដ្ឋកិច្ចដែលមិនចេះរីងស្រួត។
ជាមួយគ្នានេះ លោក យីន លី បានលើកឡើងថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ លោក ក៏បានបង្ហាញការគាំទ្រលើការជំរុញវត្តមានភ្ញៀវទេសចរពីគ្នាទៅវិញទៅមកនេះ ហើយសង្ឃឹមថានាពេលខាងមុខ ខេត្តសៀមរាប និងទីក្រុងប៉េកាំង នឹងមានជើងហោះហើរត្រង់ ដែលជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរឱ្យមកទស្សនានៅតំបន់ទេសចរណ៍ខេត្តក្រុងទាំងពីរ។
សូមរម្លឹកថា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរពេញនិយមបំផុតគឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។ អត្ថបទ៖ ហ្សាលីន



