ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett ប្រកាសកើបប្រាក់ចំណេញបំបែកកំណត់ត្រាខ្ពស់បំផុត

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគលំដាប់កំពូល Berkshire Hathaway របស់មហាសេដ្ឋី លោក Warren Buffett បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ កន្លងទៅមានចំនួនសរុប ១៤,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៧១% បើធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។

ដោយឡែកសម្រាប់រយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២៤ ប្រាក់ចំណេញប្រតិបត្តិការរបស់ Berkshire Hathaway បានឈានដល់ចំនួនសរុប ៤៧,៤ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងជាកើនឡើងរយ:ពេលបីឆ្នាំជាប់ៗគ្នា។

យ៉ាងណាមិញ ជុំវិញលទ្ធផលវិជ្ជមាននេះ ត្រូវបានជំរុញដោយអាជីវកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុន ដែលទទួលបានភាពប្រសើរឡើងខ្លាំង និងប្រាក់ចំណូលពីការវិនិយោគដ៏រឹងមាំ ផងដែរ។ ទន្ទឹមនឹងនេះ មហាសេដ្ឋី Warren Buffett បាននិយាយថាក្រុមហ៊ុនរបស់ខ្លួន ហាក់ដំណើរការបានល្អជាងការរំពឹងទុក បើទោះបីជា ៥៣% នៃក្រុមហ៊ុនបុត្រសម្ព័ន្ធសរុបទាំង ១៨៩ របស់ខ្លួន បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ កាលពីឆ្នាំមុនក៏ដោយ។

ជម្រាបជូនផងដែរថា បើទោះបីជាប្រាក់ចំណេញប្រតិបត្តិការរបស់ Berkshire Hathaway មានការកើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយចំនួន ហាក់មានការធ្លាក់ចុះខ្លាំង ដូចជាក្រុមហ៊ុន BNSF Railroad បានធ្លាក់ចុះ ១% កាលពីឆ្នាំមុន ខណ: Clayton Home ដែលជាអាជីវកម្មលក់​ផ្ទះ​ចល័ត​ បាន​ឃើញ​ប្រាក់​ចំណេញ​របស់​ខ្លួន​ថយចុះគួរឲ្យកត់សម្គាល់ផងដែរ៕