មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ខណៈអាមេរិក ក៏បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ពជាមួយកម្ពុជាបន្ថែមទៀត។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) កាលរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោក រ៉ូណាល់ ខ្លាក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជើងគោគ កងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក សហរដ្ឋអាមេរិក ខណៈសម្ដេចថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ គឺបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។
បន្ថែមពីនេះ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា “ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក”។
គួរបញ្ជាក់ដែរថា នាឱកាសនោះ សម្តេចក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកសហអាមេរិក និងបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕ អត្ថបទ៖ ហ្សាលីន
