កក្រើកទៀតហើយ! ពិព័រណ៌រថយន្តធំជាងគេនៅកម្ពុជា នឹងធ្វើឡើងជាលើកទី២ នាថ្ងៃទី១-២ ខែមីនា ខាងមុខ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ

កម្សាន្ត

ក្រោយពីព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Auto Show លើកទី១ ទទួលបាននូវការចូលរួមគាំទ្រយ៉ាងច្រើនកុះកររហូតដល់ទៅខ្ទង់ម៉ឺននាក់ ក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានប្រកាសជាផ្លូវការ ក្នុងការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្ត Auto Show លើកទី២ ជាថ្មីម្តងទៀតនាថ្ងៃទី០១-០២ ខែមីនា ខាងមុខនេះ នៅទីតាំងអាគារមង្គលការ ​ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលសារនេះនឹងកាន់តែមានលក្ខណៈធំជាងមុន និងធំជាងគេបំផុតមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ត្រៀមរៀបចំពិព័រណ៌រថយន្តលើកទី២ ដែលនឹងខិតជិតមកដល់នោះ បានលើកឡើងថា “ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបើកលំហសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីទាក់ទាញវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលទៅតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល កំណើនប្រជាជនរបស់យើងអាចនឹងកើនដល់ ២០លាននាក់ នៅឆ្នាំ២០៣០ និង ២៥លាននាក់នៅឆ្នាំ២០៥០ ដែលជាគ្រឹះជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនមកប្រទេសយើង ស្របគ្នានេះដែរក្រុមហ៊ុនផលិត និងលក់រថយន្តក៏បានបង្កើតយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញអតិថិជនគោលដៅ ដែលក្នុងនោះការដាក់តាំងបង្ហាញផ្ទាល់ជូនអតិថិជនទស្សនារថយន្ត ជាយន្តការជម្រុញលក់មួយដ៏មានប្រសិទ្ធភាព”។

ពិព័រណ៌រថយន្តដែលរៀបចំឡើងដោយ ដឹ ព្រេមៀ សេនធ័រ សែនសុខ នៅថ្ងៃទី០១-០២ ខែមីនា ខាងមុខនេះ អាចចាត់ទុកថាជាពិព័រណ៌ធំជាងគេក្នុងរាជធានីភ្នំពេញ ដ្បិតពិព័រណ៌នេះមានដៃគូសហការណ៍ចូលរួមច្រើនរហូតដល់ចំនួន ៦៤ក្រុមហ៊ុនស្មើនឹង ៧៣ស្តង់។ ក្នុងនោះថ្នាក់ពេជ្រមានចំនួន ១១ស្តង់ ថ្នាក់មាសចំនួន ៥ស្តង់ ថ្នាក់ផ្លាកទីនចំនួន ១៣ស្តង់ ថ្នាក់ប្រាក់ចំនួន ៦ស្តង់ ថ្នាក់សំរិទ្ធចំនួន ៧ស្តង់ និងថ្នាក់ស្តង់ដាចំនួន ៤៣ស្តង់។

សូមជម្រាបថា ក្រៅតែពីការតាំងបង្ហាញរថយន្តស៊េរីថ្មីៗរាប់សិបគ្រឿង​  ពិព័រណ៍នេះក៏មានរៀបចំព្រឹត្តិការណ៌ធំៗជាច្រើនរួមមាន ការប្រគុំតន្រ្ដីខ្នាតធំដែលមានតារាល្បីៗ លំដាប់ជួរមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាលោក ជី ដេវីត  ,លោកលឹម តិចម៉េង ,លោកម៉ម ពេជ្ជរិទ្ធ ,លោក អិន ភីអិន និងលោកទេព ពិសិដ្ឋ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កម្មវិធីក៏បានរៀបចំនូវការចាប់រង្វាន់សម្រាប់អតិថិជនដែលមកជាវរថយន្ដក្នុងថ្ងៃពិព័រណ៍ផ្ទាល់ជាច្រើនរង្វាន់ដូចជា ម៉ូតូ Lambretta, ទូរសព្ទ iPhone 16, គូប៉ុង Free ២០០ដុល្លារ ចំនួន ១០រង្វាន់ពីភោជនីយដ្ឋាន ដឹ ព្រេមៀ ផាលេស, កាម៉េរ៉ាសុវត្ថិភាពរថយន្ត ៧០Mai, Speaker Bose, និងប្រេងម៉ាស៊ីន ២០កេស ព្រមទាំងការសម្ដែង Show ពិសេសៗរបស់ម្ចាស់ឧបត្ថម្ភធំៗ ,កម្មវិធីសិក្ខាសាលាស្ដីពីការវិនិយោគវិស័យយានយន្ដនៅកម្ពុជា ,កម្មវិធីកម្សាន្ដលក្ខណ:គ្រួសារ  ដែលមានកន្លែងសម្រាប់ក្មេងលេងដ៏ធំ​ទូលាយ​ និងមានកម្មវិធីសប្បាយៗជាច្រើនទៀត៕