អ្នកឧកញ៉ា សួរ វីរៈ ជឿថាភ្ញៀវទេសចរណ៍ធ្វើដំណើរតាមទូកល្បឿនលឿន ពីកំពតទៅកោះទាំង៣ អាចដល់ជាង ៦ម៉ឺននាក់ក្នុងមួយឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ជឿជាក់ថា ចំនួនភ្ញៀវទេសចរណ៍ធ្វើដំណើរតាមទូកល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរ: ប៊ុនថាំ ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច នឹងមានចំនួនដល់ទៅជាង ៦ម៉ឺននាក់ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសបើកជាផ្លូវការ នូវជើងធ្វើដំណើរក្នុងស្រុក តាមទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងទទួលបានការគាំទ្រពីភ្ញៀវទេសចរណ៍ជាច្រើន។

ក្រោយបើកដំណើរការបានរយៈពេល ១០ថ្ងៃរួចមក អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ ឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច បានកើនឡើងជាមធ្យមប្រមាណ ១៣០នាក់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងចំនួននៃកំណើននេះ អ្នកឧកញ៉ា ជឿជាក់ថា ក្រុមហ៊ុននឹងអាចទាក់ទាញភ្ញៀវទេសចរណ៍បានប្រមាណដល់ទៅលើ ៦០,០០០នាក់ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ការធ្វើដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច គឺចំណាយពេលធ្វើដំណើរក្នុងរយៈពេលប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលការចេញដំណើរមានម៉ោង ៨:៣០នាទីព្រឹក, ១២:៣០នាទីថ្ងៃត្រង់, ១៣:៣០នាទីរសៀល និង ១៤:០០នាទីរសៀល៕