Apple ប្រកាសបោះទុនវិនិយោគ ៥០០ពាន់លានដុល្លារ នៅអាមេរិក ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ

អន្តរជាតិ

ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទកន្លងទៅ បាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ច្រើនជាង ៥០០ពាន់លានដុល្លារ វិនិយោគនៅទឹកដីសហរដ្ឋអាមេរិក ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ និងជួលបុគ្គលិកបន្ថែមចំនួន​២០ ០០០ នាក់ ផងដែរ ខណ:ការប្រកាសនេះ ទំនងអាចផ្គាប់ចិត្តប្រធានាធិបតីលោក ដូណាល់ ត្រាំ​ ដែលកំពុងជំរុញឲ្យក្រុមហ៊ុនអាមេរិក ងាកមកបោះទុនវិនិយោគក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានមូលដ្ឋាននៅ Silicon Valley មួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖ “ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការចំណាយដ៏ធំបំផុតមិនធ្លាប់មាន ជាមួយនឹងផែនការចំណាយ និងវិនិយោគច្រើនជាង ៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ” ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ៖”យើងមានសុទិដ្ឋិនិយមចំពោះអនាគតនៃការច្នៃប្រឌិតរបស់អាមេរិក ហើយយើងមានមោទនភាពក្នុងការកសាងលើការវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានរយ:ពេលយូរអង្វែងទៅមុខទៀត ជាមួយនឹងការប្តេជ្ញាចិត្តបោះទុនវិនិយោគប្រមាណ ៥០០ពាន់លានដុល្លារ ដើម្បីអនាគតរបស់ប្រទេសរបស់យើង” ។

គួរឲ្យដឹងផងដែរថា ជុំវិញការបោះទុនក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះ នឹងរួមបញ្ចូលទាំងអ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់ពីការទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក រហូតដល់ការថតកម្មវិធីទូរទស្សន៍ និងភាពយន្ត នៅសហរដ្ឋអាមេរិក សម្រាប់សេវាកម្ម Apple TV+ របស់ខ្លួន។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បាននិយាយថាខ្លួនក៏នឹងជួលបុគ្គលិកថ្មីៗប្រហែល ២០ ០០០ នាក់បន្ថែមទៀតផងដែរ ដែលភាគច្រើនការងារទាំងអស់នោះ នឹងត្រូវផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ វិស្វកម្មស៊ីលីកុន ការអភិវឌ្ឍន៍កម្មវិធី AI និងការរៀនពីម៉ាស៊ីន ជាដើម។

ជម្រាបជូនថា ក្រុមហ៊ុនក៏មានគម្រោងបើករោងចក្រផលិតថ្មី នៅទីក្រុង Houston រដ្ឋ Texas ក្នុងឆ្នាំ២០២៦ ខាងមុខនេះផងដែរ ខណ:ទីតាំងថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងជាកន្លែងប្រមូលផ្តុំ servers ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលដល់ Apple Intelligence ដែលជាផ្នែកមួយនៃផលិតផល AI របស់ក្រុមហ៊ុន ហើយអាចនឹងផ្តល់ការងារថ្មីៗបន្ថែមទៀត ដល់ទៅរាប់ពាន់កន្លែង៕