ក្រុមហ៊ុនខ្នាតយក្សចិន Alibaba នឹងចាក់លុយវិនិយោគជាង ៥០ពាន់លានដុល្លារ នៅក្នុង AI

អន្តរជាតិ

ក្រុមហ៊ុនលំដាប់កំពូលរបស់ប្រទេសចិន Alibaba កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៣៨០ពាន់លានយ៉ន់ (ឬស្មើនឹង ៥២,៤ពាន់លានដុល្លារ) នៅក្នុងសេវាកម្ម Cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សមួយនេះ បាននិយាយទៀតថា ខ្លួនមានគម្រោងវិនិយោគក្នុងវិស័យសំខាន់ៗ ជា​ច្រើន ប៉ុន្តែទោះជាយ៉ាងណា ពួកគេហាក់មិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀត ចំពោះផែនការវិនិយោគទាំងនេះនៅឡើយទេ។

យ៉ាងណាមិញ ជុំវិញចំនួនទឹកប្រាក់វិនិយោគសរុបរបស់ក្រុមហ៊ុន Alibaba ចុងក្រោយនេះ ហាក់មានការកើនឡើងយ៉ាងច្រើន ពោលគឺលើសពីការចំណាយរបស់ក្រុមហ៊ុន ទាំងនៅក្នុងវិស័យ AI និង Cloud computing ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ។

Alibaba បានចាប់ផ្ដើមឆ្នាំ២០២៥ នេះ ក្នុងនាមជាអ្នកនាំមុខគេទៅក្នុងវិស័យ AI របស់ប្រទេសចិន ដោយបានទាក់ទាញក្រុមអ្នកវិនិយោគ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រធំៗជាច្រើន​ មកបណ្តាក់ទុនក្នុងក្រុមហ៊ុនរបស់ខ្លួន។ ហើយជុំវិញភាពជោគជ័យនេះ បានធ្វើឲ្យតម្លៃភាគហ៊ុន​របស់ Alibaba ​កើន​ឡើងប្រមាណ​ជាង ៦៨% នៅ​ឆ្នាំ​នេះ​។

ជម្រាបជូនថា ក្រៅតែពី Alibaba ក្រុមហ៊ុនចិនផ្សេងទៀតក៏បាននិងកំពុងវិនិយោគលើវិស័យ AI កាន់តែច្រើនផងដែរ ដោយក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok បានប្រកាសបោះទុនប្រមាណ ១៣០ពាន់លានយ៉ន់ នៅឆ្នាំនេះ ដែលភាគច្រើននឹងផ្តោតលើបច្ចេកវិទ្យា AI តែម្តង។ នេះបើតាមការឲ្យដឹងពីប្រភព Reuters៕