ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ចុះខ្លាំងនៅក្នុងខែមករា ក្រោយការលក់ និងការនាំចេញស្រុតចុះ

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃចន្ទទី២៤ ខែកុម្ភ:ថា ផលិតកម្មរថយន្តនៅក្នុងប្រទេសខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៤,៦% នៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន មកនៅត្រឹមចំនួន ១០៧ ១០៣ គ្រឿង ដោយសារតែការលក់ និងការនាំចេញក្នុងស្រុកធ្លាក់ចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសថៃ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុត នៅក្នុងអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមមាន Toyota និង Honda ជាដើម។

ទន្ទឹមនឹងនេះ លោក Surapong Paisitpattanapong អ្នក​នាំ​ពាក្យ​ផ្នែក​ឧស្សាហ​កម្ម​រថយន្ត​របស់ FTI បាន​ប្រាប់​សន្និសីទ​សារព័ត៌មានមួយថា៖ “ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយសារតែចំនួន​ផលិត​កម្ម​រថយន្តរបស់យើងពិត​ជា​មាន​កម្រិត​ទាបខ្លាំងណាស់”។

គួរឲ្យដឹងផងដែរថា ​ទិន្នផលរថយន្តរបស់ថៃ​ បានធ្លាក់ចុះច្រើនជាង ១៧,៣% ធៀបទៅនឹងរយ:ពេលដូចគ្នា ​ក្នុង​ខែ​ធ្នូ និងជា​ខែ​ទី១៨ ជាប់​គ្នាៗហើយ ​ដែល​ផលិតកម្ម​បាន​ធ្លាក់​ចុះ។

មិនតែប៉ុណ្ណោះ FTI បាននិយាយទៀតថា ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ ១២,២% ក្នុងខែមករា ធៀបនឹងឆ្នាំមុន មកត្រឹមចំនួន ៤៨ ៩២ គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានការធ្លាក់ចុះ ២០,៩% ក្នុងខែធ្នូ។ ហើយជុំវិញការធ្លាក់ចុះនេះ FTI បានគូសបញ្ជាក់ថា ដោយសារតែមានការរឹតបន្តឹងកម្ចីរថយន្ត ព្រោះតែបំណុលគ្រួសារមានកម្រិតខ្ពស់។

លោក Surapong បានបន្ថែមឲ្យដឹងទៀតថា ជុំវិញការនាំចេញរថយន្ត ទៅកាន់ប្រទេសវិញ បានធ្លាក់ចុះ ២៨,១% នៅក្នុងខែមករា ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន​ ៦២ ៣២១​ គ្រឿង ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ខែ ចុងក្រោយ។ ហើយជុំវិញការធ្លាក់ចុះនេះ គឺបានកើតឡើង ដោយសារការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់រថយន្តរបស់ប្រទេសចិន៕