ប្រទេសម៉ាឡេស៊ី មានចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជា។ ការបង្ហាញពីចំណាប់អារម្មណ៍របស់ម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ កម្ពុជាមានគោប្រមាណជាង២ពាន់ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ជាង ១៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង ៥លានលីត្រ ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ១៧% នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០លានលីត្រ។
ជាមួយគ្នានេះ កម្ពុជាក៏មានកសិដ្ឋានផលិតគោយកទឹកដោះធំៗចំនួន៤ ទីតាំង រួមមាន កសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉។
បើទោះបីជាកម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤ ដែលអាចផលិតទឹកដោះគោបានប្រហែល ៥លានលីត្រ ឬស្មើនឹងប្រហែលជាង ៥ពាន់តោនក្ដី ប៉ុន្ដែក៏នៅពុំទាន់អាចបំពេញកំណើនតម្រូវការក្នុងស្រុកបាននៅឡើយ៕នេះបើតាមការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០២៤កន្លងទៅ។


