ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ពន្ធនាំចូល ២៥% លើទំនិញរបស់ប្រទេសម៉ិកស៊ិក និងកាណាដា នឹងត្រូវចូលជាធរមាន ចាប់ពីដើមខែក្រោយតទៅ បន្ទាប់ពីមានការពន្យារពេលអស់រយ:ពេល ១ខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោកត្រាំ បាននិយាយថា ពន្ធនាំចូលលើទំនិញរបស់កាណាដា និងម៉ិកស៊ិក អាចនឹងចូលជាធរមានទាន់ពេលវេលា ទោះបីជាប្រទេសទាំងពីរខិតខំរឹតបន្តឹងការគ្រប់គ្រងព្រំដែន និងការរត់ពន្ធទំនិញខុសច្បាប់ក៏ដោយ។ ហើយអត្រាពន្ធលើទំនិញរបស់ពួកគេនឹងមានកម្រិត ២៥% ។
គួររម្លឹកផងដែរថា ដំបូងឡើយ លោក ត្រាំ គ្រោងនឹងដាក់ពន្ធលើទំនិញរបស់ប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈមកម្លេះ ពោលគឺនៅថ្ងៃដូចគ្នាទៅនឹងប្រទេសចិន ដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅប៉ុន្មានម៉ោងមុនពេលផែនការពន្ធថ្មីចូលជាធរមាន លោក ត្រាំ បានប្រកាសវិញភ្លាមៗថា នឹងផ្តល់ការពន្យារពេលដល់ ១ខែ ពីព្រោះប្រទេសទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងព្រំដែន និងការរត់ពន្ធគ្រឿងញៀន fentanyl ។
ម៉ិកស៊ិក និងកាណាដា ត្រូវបានចាត់ទុកថាជាដៃគូពាណិជ្ជកម្មធំបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក។ ហើយក្នុងពេលជាមួយគ្នា នេះ ក្រុមអ្នកសង្កេតការណ៍ សង្ឃឹមថាប្រទេសទាំងពីរ អាចបញ្ចុះបញ្ចូលរដ្ឋបាលរបស់លោក ត្រាំ ដើម្បីឲ្យមានការពន្យារពេលបន្ថែមទៀត ហើយប្រសិនបើផែនការពន្ធគយថ្មីចូលជាធរមាន នោះផលិតផលជាច្រើន ដោយរាប់ចាប់ពីរថយន្ត រហូតដល់ថាមពល នឹងឡើងថ្លៃខ្លាំង។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន ជាមួយលោក Macron នោះ លោក ត្រាំ ថែមទាំងបានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់លោក ក្នុងការដាក់ពន្ធនាំចូលទៅវិញទៅមក ដើម្បីទូទាត់របាំងពាណិជ្ជកម្មដែលទំនិញអាមេរិកធ្លាប់បានប្រឈមមុខ នៅពេលនាំចូលទៅក្នុងប្រទេសនានា រួមទាំងប្រទេសបារាំង ផងដែរ។
ជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានដាក់ពន្ធបន្ថែម ១០% លើការនាំចូលទំនិញរបស់ចិនទាំងអស់។ ហើយមិនតែប៉ុណ្ណោះ ចំពោះការនាំចូលអាលុយមីញ៉ូ និងដែក ដែលចូលមកកាន់ទឹកដីអាមេរិកនាពេលបច្ចុប្បន្ន ក៏តម្រូវឲ្យបង់ពន្ធ ២៥% បន្ថែម។
ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិក ក៏គ្រោងនឹងដាក់ពន្ធគយថ្មីបន្ថែមលើរថយន្ត ឱសថ ឈើ និងផលិតផលបន្ទះឈីប semiconductor ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ផងដែរ៕