ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅម៉ង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិ ថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra ។
ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលឆាប់ៗខាងមុខ ។

គ្រាន់តែ MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការនៅថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ២០២៥នៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra មានអ្នកគាំទ្រជាច្រើនបានសរសើរ និងពេញចិត្តខ្លាំងលើបទចម្រៀងមួយបទនេះ ទាំងបទចម្រៀង ក៏ដូចជាការសម្តែងរបស់តារាចម្រៀង ព្រាប សុវត្ថិ គឺពិតជាសក្តិសមឥតខ្ចោះដែលជារសជាតិថ្មីកម្រងបានទស្សនា ។ អ្វីដែលពិសេសនោះគឺអ្នកដឹកនាំសម្តែងបានជ្រើសរើសពិធីករនាយ ព្រែក ចូលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ រំលឹករសជាតិដើម ដើម្បីបន្ថែមរសជាតិថ្មី ប្លែក ជាមួយនិងការរៀបចំឆាកបែបស្រុកស្រែ និងរាំលេងកម្សាន្តហ៊ុយដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ តាមរយៈបទចម្រៀង « ម៉េចហើយជីវិត » ។
ស្របពេលចេញបទចម្រៀងនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា « នេះគឺជាបទចម្រៀងថ្មីរបស់ខ្ញុំបាទ សូមពុកម៉ែបងប្អូនជួយគាំទ្រដល់រូបខ្ញុំបាទផង ហើយពុកម៉ែបងប្អូនក៏អាចបញ្ចេញមតិនៅទីនេះ ដើម្បីខ្ញុំអាចកែតម្រូវវិដេអូចម្រៀង បន្ទាប់របស់ខ្ញុំឱ្យបានល្អ សង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តនូវចម្រៀងមួយបទនេះ » ។
បទចម្រៀង « ម៉េចហើយជីវិត » ត្រូវបានរំពឹងថា នឹងផ្ទុះខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែចង្វាក់ភ្លេង និងការតែងនិពន្ធបទចម្រៀងនេះធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ។ តោះទស្សនា MV ចម្រៀង « ម៉េចហើយជីវិត » ទាំងអស់គ្នា ៕






